(ត្បូងឃ្មុំ)៖ ក្នុងឱកាសប្រារព្ធធ្វើពិធីទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥កូនត្រីចម្រុះប្រមាណ ២១,០០០ក្បាល ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើពិធីលែងចូលអាងទឹកទំនប់ក្បាលអូរ ស្ថិតនៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអភិរក្ស និងបង្កបង្កើនទិន្នផលត្រី។

ថ្លែងក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា កូនត្រីយ៉ាងច្រើន ដែលយើងរួមគ្នាប្រលែងនាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះការបន្តចូលរួមថែរក្សា ការពារ បង្កបង្កើនធនធានមច្ឆជាតិ។ លើសពីនេះ គឺបានបំផុសការយល់ដឹង ក្នុងស្រទាប់សាធារណៈជន អំពីអត្ថប្រយោជន៍ នៃមច្ឆជាតិ និងវារីសត្វ ចំពោះមជ្ឈដ្ឋានជីវៈចម្រុះ និងរបបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក អភិបាលខេត្ត ក៏បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវផ្តល់ក្តីស្រឡាញ់ ថែរក្សា ការពារព្រៃលិចទឹក មច្ឆជាតិ និងចូលរួមប្រលែងត្រី ឬវារីសត្វកម្រៗគ្រប់ប្រភេទនៅតាមអាងទឹក តាមស្រះសហគមន៍ តាមស្រះវត្ត តាមកន្លែងអភិរក្ស និងតាមដែននេសាទនានា ឲ្យបានច្រើនកុះករ ។

បន្ថែមពីនេះ លោក ប៉ែន កុសល្យ ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ ការនេសាទដោយឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ជាការបង្ហាញពីស្មារតីទទួលខុសត្រូវលើធនធានជលផលរបស់យើងទាំងអស់គ្នា។

ជាមួយគ្នានោះដែរ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានបង្ហាញនូវរបាយការណ៍សង្ខេប និងបានលើកឡើងថា មន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលជលផលខេត្ត បានសហការ និងបន្តពង្រឹងកិច្ចការងារផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ការត្រួតពិនិត្យ ការបង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វារីវប្បកម្ម ឲ្យដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាសហគមន៍៕