(កណ្ដាល)៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានលោកតា លោកយាយចាស់ឥតទីពឹង ស្ដ្រីមេម៉ាយកូនច្រើន និងទើបសម្រាលកូនរួច ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ជាដើម សរុបប្រមាណ ៦២១គ្រួសារ មកពីក្រុងស្រុកចំនួន ៣ រួមមាន ស្រុកកោះធំ ស្រុកស្អាង និងក្រុងសំពៅពូន ខេត្ដកណ្ដាល បានទទួលអំណោយសម្រាលការលំបាកពីមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពិធីសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយនេះ បានប្រព្រឹត្ដទៅនៅកីឡដ្ឋានស្រុកកោះធំ ស្ថិតនៅភូមិព្រែកថ្មី ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្ដកណ្ដាល។

ក្នុងពិធីសំណេះសំណាលប្រកបដោយសេចក្ដីស្រលាញ់ និងការនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​​ រ៉ានី ហ៊ុនសែន, ប្រជាពលរដ្ឋបានសម្ដែងនូវអារម្មណ៍រំភើបអួលដើមក លាយឡំនឹងស្នាមញញឹម និងភាពសប្បាយរីករាយយ៉ាងខ្លាំង ពេលបានឃើញ និងជួបវត្ដមានដោយផ្ទាល់របស់អ្នកម្ដាយមនុស្ស អញ្ជើញចុះមកសួរសុខទុក្ខ ជាមួយនឹងការណែនាំពីការថែរក្សាសុខភាព និងផ្ដល់អំណោយចំពេលដែលពួកគាត់ជួបទុក្ខលំបាក។

ស្ដ្រីមេម៉ាយកូន ១០នាក់ ត្រូវបានស្វាមីលាចាកលោកចោលជាង១០ឆ្នាំ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «សព្វថ្ងៃខ្លួនចាស់ហើយ អាយុជាង៧០ តែនៅលក់ដូរចិញ្ចឹមខ្លួនផង និងចៅផង ដោយកូនៗសុទ្ធតែមានជីវភាពមិនសូវធូរធារ ដូច្នេះរាល់ថ្ងៃខ្ចីលុយគេខ្លះ ដើម្បីយកមកទិញអីវ៉ាន់លក់ដូរតិចតួច រួចបានមួយគ្រាៗជាមួយចៅ។ ថ្ងៃនេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចុះមកផ្ដល់អំណោយសម្រាលការលំបាករបស់ពួកខ្ញុំទាំងអស់គ្នានៅទីនេះ ពួកយើងពិតជាសប្បាយចិត្ដណាស់»។ អ៊ុំស្រីខាងលើនេះ កន្លងមកគឺតែងតែទទួលបានការយកចិត្ដទុកដាក់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ចំណែកស្ដ្រីមេម៉ាយកូនមួយដែលទើបសម្រាលកូនហើយបានជិតមួយខែ និងត្រូវស្វាមីចុះចេញចោលតាំងពីថ្ងៃសម្រាលកូនបាន២ថ្ងៃម្ល៉េះ បានថ្លែងទាំងអួលដើមក រៀបរាប់ពីជីវិត និងការជួបទុក្ខលំបាក។ ក្នុងឱកាសនោះដែរស្ដ្រីមេម៉ាយកូនមួយរូបនេះ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជៅ ជូនចំពោះមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចុះសួរសុខទុក្ខដោយផ្ទាល់ និងបីកូនរបស់ខ្លួនដោយទឹកចិត្ដអាណិត ស្រលាញ់ ថែមទាំងផ្ដល់ថវិកាបន្ថែមពីលើអំណោយដែលមានស្រាប់ ដើម្បីទុកទិញទឹកគោកូន។

ជាមួយគ្នានោះប្រជាពលរដ្ឋជាងច្រើនគ្រួសារទៀត ដែលបានមកទទួលអំណោយសម្រាលការលំបាក ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ក៏បានសម្ដែងពីសេចក្ដីរំភើបសប្បាយរីករាយស្រដៀងៗគ្នា ពិសេសការថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលចំពោះទឹកចិត្ដសន្ដោសប្រណី សេចក្ដីស្រលាញ់ ខ្វល់ខ្​វាយដល់ប្រជាជនគ្រប់រូប ដែលជួបការលំបាក។

សូមជម្រាបថាគ្រួសារងាយរងគ្រោះខាងលើនេះ ក្នុងមូយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ភេសជ្ជៈបាកាស ៦កំប៉ុង, សាប៊ូកក់សក់ម៉ាកក្លិន ២ដប, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, នំប៉័ងផ្អែម ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ៥ម៉ឺនរៀល។ ស្បៀង សម្ភារៈ ថវិកា ខាងលើនេះ ជាអំណោយរបស់សប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងនោះ សាប៊ូកក់សក់ម៉ាកក្លិន ១២០កេស ជាអំណោយរបស់ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ, ភេសជ្ជៈបាកាស ១៦៣កេស ជាអំណោយរបស់ អ្នកឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល។ ដោយឡែក នំផ្អែម ទឹកបរិសុទ្ធ ថ្លៃជួលរោង ម៉ាស៊ីនភ្លើង និងការដឹកជញ្ជូនប្រជាពលរដ្ឋ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល៕