(ព្រះវិហារ)៖ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះរាជាគណៈថ្នាក់ត្រី ព្រះគ្រូវិជ័យមេធាអនុគណខណ្ឌមានជ័យ និងជាព្រះគ្រូចៅអធិការវត្តនន្ទមុនី ព្រមទាំងព្រះមន្ត្រីសង្ឃ សហការី សាលាអនុគណខណ្ឌមានជ័យ ព្រះគ្រូចៅអធិការវត្តនានាក្នុងខណ្ឌមានជ័យ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បាននិមន្តអមដំណើរលោកស្រី គីម អេង ព្រមទាំងក្រុមគ្រួសារ, លោកស្រី គីម រ៉ុង ព្រមទាំងក្រុមគ្រួសារ, មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សុខ ប៊ុនវីរះ ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជននានា បានយកអំណោយជាគ្រឿងបរិភោគ និងថវិកាទៅប្រគល់ជូនផ្ទាល់ដល់កម្លាំងទាហានដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិទិសភ្នំខ្មោច ខេត្តព្រះវិហារ។

អំណោយទាំងនេះរួមមាន៖ អង្ករ មី ត្រីខ កាហ្វេ ក្រម៉ា កៅអៀក គ្រឿងបរិភោគ ព្រមទាំងសម្ភារផ្សេងៗទៀត និងថវិកាសរុបចំនួន៤លានរៀល។ អំណោយ និងថវិកាទាំងនេះ ត្រូវបានប្រគល់ជូនវរសេនាតូចការពារព្រំដែនលេខ ៤៤៧ និងវរសេនាតូចការពារព្រំដែន៣៧៤ នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតនៅស្រុកជាំក្សាន ខេត្តព្រះវិហារ ដែលកំពុងឈរជើងរក្សាសមរភូមិមុខទិសភ្នំខ្មោច។

អំណោយទាំងនេះ ត្រូវបានលោកអនុសេនីយ៍ឯក ស៊ុយ ស្រុន មេបញ្ជាការវរសេនាតូចលេខ៤៤៧ និងលោកអនុសេនីយ៍ឯក រី សុភ័ក្ត្រ មេបញ្ជាការអនុសេនាធំគាំទ្រ នៃវរសេនាតូចលេខ៣៧៤ នៅសមរភូមិទិសភ្នំខ្មោច បានមកទទួលផ្ទាល់។

ទាំងព្រះសង្ឃ និងសប្បុរសជនទាំងអស់ សូមថ្លែងនូវការកោតសរសើរ និងចូលរួមគាំទ្រគ្រប់បែបយ៉ាងដើម្បីលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហានយើង និងបានគោរពជូនពរថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់សមរភូមិ៕