(ភ្នំពេញ)៖ លោក Igor Krasnov អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី បានចេញលិខិតថ្លែងអំណរគុណ គោរពផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់កិត្តិយសអនុញ្ញាតជូនលោក ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។

តាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណ ដោយស្មោះស្ម័គ្រ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់កិត្តិយសទទួលជួបខ្ញុំ ក្នុងឱកាសទស្សនកិច្ច ការងាររបស់ខ្ញុំ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥។

ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ច និងការយកចិត្តទុកដាក់ក្នុងបរិយាកាស ប្រកបដោយមនោសញ្ចេតនាយោគយល់គ្នា ក្នុងអំឡុងពេលដែលរូបខ្ញុំ និងគណៈប្រតិភូស្នាក់នៅ ប្រទេសកម្ពុជា។

ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងជំរុញការការពារសិទ្ធិពលរដ្ឋ នឹងត្រូវបានពង្រីកបន្ថែមទៀត ក្នុងស្មារតីពង្រឹងចំណងមិត្តភាព និងការគោរព គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។

ខ្ញុំសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ទទួលបានសុខភាពល្អបរិបូណ៌ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តម។ ខ្ញុំសូមគោរពជូនពរ ឱ្យប្រជាជនកម្ពុជាបន្តទទួលបានសន្តិភាព និងវិបុលភាព និង សូម សម្តេច អគ្គមហាសេនាបតីតេជោ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ»