(ភ្នំពេញ)៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចក្រភពអង់គ្លេសបានចាប់ផ្តើមជាផ្លូវការនូវកម្មវិធីភាពជាដៃគូ សន្តិសុខសុខភាពអាស៊ាន-ចក្រភពអង់គ្លេស (HSP) ដែលជាកម្មវិធីរយៈពេលប្រាំឆ្នាំ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលជាគំនិតផ្តួចផ្តើមថ្មីដ៏សំខាន់មួយក្នុងគោលបំណងពង្រឹងសមត្ថភាពការពារ រកឃើញ និងឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសុខភាពរបស់អាស៊ីអាគ្នេយ៍។
កម្មវិធី HSP ដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងក្នុងតំបន់អាស៊ាន ដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល លើកកម្ពស់លទ្ធភាពទទួលបានការថែទាំសុខភាព និងពង្រឹងសមត្ថភាពអាស៊ាន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ ដូចជាផលប៉ះពាល់សុខភាពនៃ ការប្រែប្រួលអាកាសធាតុជាដើម។ HSP ក៏នឹងបង្កើតភាពជាដៃគូអ្នកជំនាញរវាងស្ថាប័ននានាក្នុងអាស៊ាន និងផ្នែកផ្សេងទៀតនៃពិភពលោក រួមទាំងចក្រភពអង់គ្លេសផងដែរ ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍរួមគ្នានៃដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ ចំណុចសំខាន់មួយទៀត HSP នឹងធ្វើការជាមួយ (WHO, FAO, WOAH, UNEP) ដើម្បីគាំទ្រដល់ផែនការសកម្មភាពរួមរបស់អាស៊ាន One Health ដែលជួយដោះស្រាយការគំរាមកំហែងដូចជាការធន់ទ្រាំនឹងថ្នាំសម្លាប់មេរោគដែលទាមទារវិធីសាស្ត្រ One Health ដែលសម្របសម្រួលលើមនុស្ស សត្វ បរិស្ថាន និងសុខភាពរុក្ខជាតិ។
លោកបណ្ឌិតភៅ គឹម ហួន អគ្គលេខាធិការអាស៊ាន បានស្វាគមន៍ចំពោះភាពជាដៃគូ៖ «កម្មវិធីភាពជាដៃគូសន្តិសុខសុខភាពអាស៊ាន-ចក្រភពអង់គ្លេសគឺជាគំនិតផ្តួចផ្តើមទាន់ពេលវេលាដែល បំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការពង្រឹងការត្រៀមលក្ខណៈនៃជំងឺរាតត្បាត និងការកសាង ប្រព័ន្ធថែទាំសុខភាពដែលធន់ទ្រាំ។ យើងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ចំពោះ កិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ និងយូរអង្វែងជាមួយអាស៊ាន»។
លោកស្រី Sarah Tiffin ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅអាស៊ាន មានប្រសាសន៍ថា៖«ជំងឺរាតត្បាត COVID-19 បានបង្ហាញយើងថា គ្មានប្រទេសណាមានភាពស៊ាំនឹងការគំរាមកំហែងផ្នែក សុខភាពជាសាកលនោះទេ។ តាមរយៈកម្មវិធីនេះ ចក្រភពអង់គ្លេសមានមោទកភាពក្នុងការធ្វើការរួមគ្នា ជាមួយអាស៊ាន ដើម្បីបង្កើតភាពធន់រយៈពេលវែង និងធានាបាននូវអនាគតដែលមានសុខភាពល្អ និងសុវត្ថិភាព ជាងមុនសម្រាប់សហគមន៍ក្នុងតំបន់ និងជុំវិញពិភពលោក»។
ដោយផ្តោតលើបញ្ហាដូចជា ការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត ជំងឺដែលកំពុងកើតឡើង និងភាពធន់នឹង ប្រព័ន្ធសុខាភិបាល កម្មវិធី ASEAN-UK HSP នឹងប្រមូលផ្តុំអ្នកជំនាញអង់គ្លេស និងអាស៊ានដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងឆ្លើយតបទៅនឹងតម្រូវការរបស់បណ្តាប្រទេសអាស៊ាន។ ការដាក់ដំណើរការ កម្មវិធីនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្រោមផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេស (២០២២-២០២៦) ដោយពង្រឹងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាអាស៊ាន និងការបន្តគាំទ្ររបស់ខ្លួន សម្រាប់អាទិភាពរបស់អាស៊ានក្រោមសសរស្តម្ភកិច្ចសហប្រតិបត្តិការសុខាភិបាល។
សម្រាប់សំណួរអំពីកម្មវិធី សូមទំនាក់ទំនង៖
Sam Beckwith, Regional Director, Southeast Asia, Health - UK Mission to ASEAN ([email protected])
Fiqhi Dengo, Regional Programme Manager, Health - UK Mission to ASEAN ([email protected])
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
Annissa Mutia, Communications Manager - UK Mission to ASEAN ([email protected]) ៕