(ភ្នំពេញ)៖ បន្ទាប់ពីមានការបង្ហោះលក់ឧបករណ៍អេឡិចត្រូនិចតូចមួយ តាមបណ្តាញសង្គមហើយផ្សព្វផ្សាយថា ឧបករណ៍នោះអាចជួយកាត់បន្ថយបរិមាណប្រើប្រាស់ថាមពលអគ្គិសនី ប្រចាំបានរហូតដល់ ៤០ភាគរយ, ប្រធានអជ្ញាធរអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកការផ្សព្វផ្សាយបោកប្រាស់នេះ។

លោកអះអាងថា គ្មានឧបករណ៍បែបនេះឡើយ ហើយកន្លងមកអគ្គិសនីកម្ពុជា ក៏ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានពីករណីនេះផងដែរ។

លោក យឹម វិសិដ្ឋ បានលើកហេតុចំនួនពីរមកពន្យល់ថា «និយាយខ្លី ១. មិនអាចមានឧបករណ៍តូចមួយ លក់ថោកៗ ហើយកាត់បន្ថយការប្រើប្រាស់បានម្លឹងៗនោះទេ។ ២. បើមានចឹងមែន ក្រុមហ៊ុនលក់ម៉ាស៊ីនត្រជាក់ ឬក្រុមហ៊ុនផលិតបរិក្ខារអគ្គិសនីសំខាន់ៗ យកឧបករណ៍នោះទៅដំឡើងនៅក្នុងម៉ាស៊ីនត្រជាក់រួចស្រេចតែម្តងទៅ នោះនឹងផ្អើលថាមានម៉ាស៊ីនត្រជាក់ស៊ីភ្លើងតិច»