(បាត់ដំបង)៖ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានអំពាវនាវដល់ម្ចាស់លំនៅដ្ឋានគ្រប់រូប បោសសម្អាតតាមចង្ហូរទឹក និងមុខរ៉េហ្កាលូ បង្ហូរទឹកនៅមុខលំនៅឋានគ្រប់កន្លែង ឱ្យបានញឹកញាប់ ដើម្បីកុំឱ្យមានទឹកដក់នៅលើផ្លូវ ដែលបណ្តាលឱ្យទឹកលិច និងឆាប់ខូចផ្លូវ។

ការអំពាវនាវនេះ ក្នុងពេលដែលលោក និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញ ក្រោមឱវាទរបស់រដ្ឋបាលក្រុងបាត់ដំបង នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យតាមការដ្ឋានរណ្តៅប្រព័ន្ធលូរំដោះទឹកកខ្វក់ ក្រោមគម្រោងរបស់ ADB ដើម្បីសម្របសម្រួលការបើកថ្ម ដី សំរាម និងវត្ថុផ្សេងៗទៀតដូចជាថង់ប្លាស្ទិក តាមមុខរ៉េហ្កាលូ និងការបើកភ្ជាប់ប្រព័ន្ធបង្ហូរទឹកភ្លៀងបញ្ចូលទៅស្ទឹងសង្កែ ជាបណ្តោះអាសន្ន ដើម្បីកុំឱ្យទឹកលិចផ្លូវមួយចំនួន នៅក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់មួយចំនួនទៀតនៃក្រុងបាត់ដំបង ។

លោកអភិបាលក្រុងបាត់ដំបង បានលើកឡើងថា «សូមបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅឋានគ្រប់រូប សូមមេត្តាជួយបោសសម្អាតឱ្យបានស្អាត នៅតាមចង្ហូរទឹក និងមុខរ៉េហ្កាលូ ឱ្យបានជាញឹកញាប់ ដើម្បីកុំឱ្យមានទឹកដក់លើផ្លូវ ដែលបណ្តាលឱ្យឆាប់ខូចផ្លូវ នៅក្នុងដំណាក់កាលនៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ ក្នុងក្រុងបាត់ដំបងនេះ»

លោកបានស្នើមេត្តាវេចខ្ចប់សំរាម សំណល់រឹងរាវ ជាពិសេសថង់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ ព្រោះថង់ប្លាស្ទិកវាងាយនឹងធ្វើឱ្យស្ទះមុខលូបង្ហូរទឹក ដក់នៅតាមដងផ្លូវនិង ធ្វើឱ្យផ្លូវឆាប់ខូច ដែលផ្តល់នូវការលំបាកដល់ការធ្វើដំណើរចរាចរណ៍ប្រចាំថ្ងៃ និងជាពិសេសសូមមេត្តាមានភាពអត់ធ្មត់ និងទ្រាំមួយរយៈទៀត ក្រុងបាត់ដំបង ប្រាកដជាស្អាតឡើងវិញ នាពេលខាងមុខនេះកាន់តែល្អប្រសើរឡើងជាងមុន៕