(សៀមរាប)៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់មុខតំណែងជាផ្លូវការរបស់លោក លេង ពលៈ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ឲ្យកាន់មុខតំណែង ជាអភិបាលរងអភិបាលស្រុកពួក ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន បានលើកឡើងថា ការតែងតាំងចូលកាន់មុខតំណែងនាពេលនេះ គឺជាមន្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព និងមានបទពិសោធន៍ ក្នុងការងារដឹកនាំនៅមូលដ្ឋាននាពេលកន្លងមក សំដៅជួយសម្រួល ពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋ នៅមូលដ្ឋាន ស្របតាមរគោលនយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

លោកក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុកពួក គណៈអភិបាលស្រុក អាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធក្នុងស្រុកពួកទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសង្គម បានល្អប្រសើរនាពេលកន្លងមក។

លោក នាក់ ណេរ៉ុន ក៏បានជំរុញដល់គណៈអភិបាលស្រុកពួកទាំងអស់ ត្រូវឈ្វេងយល់អំពីតួនាទី ភារកិច្ច និងការបែងចែកក្នុងការដោះស្រាយការងារក្នុងមូលដ្ឋានខ្លួន ឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋាន គឺមានការងារច្រើនត្រូវដោះស្រាយ និង ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលស្រុករបស់ខ្លួន ឲ្យមានភាពរលូន និងល្អប្រសើរ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិនានា របស់រដ្ឋាភិបាល រួមទាំងធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន។

លោកបានបន្តថា ត្រូវពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខ ព្រមទាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

លោកបន្តថា ព្រមទាំងបង្កើនការបង្ក្រាបអំពើជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបង្ក្រាបក្រុមក្មេងទំនើង ដើមី្បរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ដែលជាកត្តាចំបងនៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

លោក នាក់ ណេរ៉ុន ក៏បានផ្តាំផ្ញើរដល់លោក លេង ពលៈ ដែលទើបចូលកាន់តំណែង ជាអភិបាលរងស្រុកពួកនាពេលនេះ ត្រូវប្រើប្រាស់ឱ្យអស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែងអនុវត្តន៍តាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឱ្យការងារក្នុងស្រុក មានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ ជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលស្រុក ឃុំ ប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍស្រុកពួក ឱ្យកាន់តែមានការរីកចម្រើន សម្រេចបានសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត៕