(រតនគិរី)៖ សិក្ខាសាលាស្តីពី «ការចូលរួមបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថល» ត្រូវបានក្រសួងប្រៃសណីយ៍និងទូរគមន៍រៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិខ្មែរ រី សត ក្រោម អធិបតីភាព លោកខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក នាង សំអាត អភិបាលរងខេត្តរតនគិរី។

សិក្ខាសាលានេះរៀបចំក្នុងគោលបំណង ដើម្បីកាត់បន្ថយ ឬទប់ស្កាត់នូវភាពអវិជ្ជមានដែលបានប៉ះពាល់ដល់ធនធានមនុស្ស ផ្សព្វផ្សាយចំណេះដឹងការចរាចរគ្រឿងញៀន ដែលត្រូវបានលួចបង្កប់តាមបញ្ញើប្រៃសណីយ៍ ចែករំលែកបទពិសោធក្នុងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន និងបញ្ហាអេដស៍ ដើម្បីការពារខ្លួនក៏ដូចជាមានវិធានការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងនាំគ្នាយល់អំពីលទ្ធផលនៃការខ្ជីខ្ជា ឬមើលស្រាលជំងឺអេដស៍។

ថ្លែងក្នុងឱកាសនេះ លោកនាង សំអាត បានថ្លែងអំណរគុណដ៏ជ្រៀលជ្រៅចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានកំណត់ យកខេត្តរតនគិរី ធ្វើជាទីតាំងដើម្បីរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះ។ លោកក៏បានលើកឡើងពីការងារបង្ការ ទប់ស្កាត់ជំងឺអេដស៍ រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអង្គការដៃគូរនានា បានដាក់ចេញនូវវិធានការក្នុងការជំរុញ និងលើកកម្ពស់ ផ្សព្វផ្សាយបានទូលំទូលាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ដល់ប្រជាពលរដ្ឋ យុវជន យុវនារី សិស្សានុសិស្សចូលរួមបង្ការទប់ស្កាតជំងឺ អេដស៍នៅក្នុងខេត្តទទួលបានលទ្ធផលល្អប្រសើរ ។

ជាក់ស្តែង អត្រាអ្នកឆ្លងជំងឺអេដស៍មានការថយចុះ ជាបន្តបន្ទាប់សំដៅឈានបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ ដោយឡែក ការងារទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាសគ្រឿងញៀន រដ្ឋបាលខេត្ត ដែល មានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបលើគ្រប់រូបភាព និងគ្រប់មុខសញ្ញាដោយបានបង្កើតគណៈកម្មាធិការ និង ក្រុមការងារ នៅថ្នាក់ស្រុក ឃុំ សង្កាត់ និងអនុវត្តតាមបទបញ្ជារាជរដ្ឋារដ្ឋាភិបាល បានធ្វើតេស្តរកសារ ធាតុញៀនចំពោះមន្ត្រីរាជការតាមមន្ទីរ អង្គភាព ព្រមទាំងកងកម្លាំងប្រដាប់អាវុធ កាលពីឆ្នាំ២០២៤ កន្លងទៅនេះ។

ចំណែកលោក ខាយ ឃុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិនដែលបានចំណាយពេលវេលា ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធថ្មីៗ ពាក់ព័ន្ធជំងឺអេដស៍ ក៏ដូចជាបញ្ហាគ្រឿងញៀនផងដែរ។ លោកមានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាដែលបានចូលរួមនៅថ្ងៃនេះ គឺជាសកម្មភាព ជាចលនា ចូលរួមបញ្ចប់ជម្ងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរគ្រឿងញៀន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យកញ្ចប់បញ្ញើក្នុងក្រុមហ៊ុនរបស់ខ្លួន៕