(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី តាមការអញ្ជើញរបស់លោក K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី និងដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក K. Shanmugam និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណង ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។

ក្នុងដំណើរទស្សនកិច្ចការងារនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសិង្ហបុរី និងទស្សនកិច្ចទីតាំងសំខាន់ៗ មួយចំនួនពាក់ព័ន្ធនឹងការងារផ្តល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ៕