(ស្ទឹងត្រែង)៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំ សមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី-ថ្នាំ កសិកម្ម ដោយមានការចូលរួមពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានកសិកម្ម មន្ទីរពាក់ព័ន្ធនៃរដ្ឋបាលខេត្ត សិក្ខាកាមជាម្ចាស់ដេប៉ូជី-ថ្នាំកសិកម្ម និងមន្ត្រីកសិកម្មឃុំ សរុបប្រមាណ ២៥០នាក់។
ថ្លែងក្នុងឱកាសនោះ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម ដែលបានសហការជាមួយរដ្ឋបាលខេត្ត រៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះដល់អាជីវករជី-ថ្នាំកសិកម្ម នៅខេត្តស្ទឹងត្រែង និងបានរៀបរាប់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្តស្ទឹងត្រែង។
រដ្ឋលេខាធិការបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរកសិកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលល្អប្រសើរ ព្រមទាំងការពង្រឹងការគ្រប់គ្រងអាជីវករជី-ថ្នាំកសិកម្ម។
រដ្ឋលេខាធិការបានលើកឡើងបន្ថែមអំពីគោលនយោបាយក្នុងវិស័យកសិកម្ម ដែលផ្តោតលើការធានាសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពកសិករ និងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ និងទស្សនាទាន «មានហូប មានប្រើ មានបាន និងមានរហូត» ដែលក្រសួងកំពុងជំរុញអនុវត្តយ៉ាងសកម្ម។
លោកបានសង្កត់ធ្ងន់ថា សន្តិសុខស្បៀង ទាំងសម្រាប់កសិករ ទាំងសម្រាប់អ្នកទទួលទានក្នុងស្រុក មិនថាក្នុងកាល:ទេស:ណា ឬសេដ្ឋកិច្ចកម្ពុជារីកចម្រេីនយ៉ាងណា គឺជាអាទិភាពខ្ពស់បំផុតនៃវិស័យកសិកម្មកម្ពុជា។
លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលរួមមាន យន្តការរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងបានណែនាំដល់អាជីវករជី-ថ្នាំកសិកម្មឱ្យជួយដល់ប្រជាកសិករក្នុងការប្រើប្រាស់ជី-ថ្នាំកសិកម្មស្របតាមស្តង់ដារបច្ចេកទេសប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត។
មុននឹងបញ្ចប់ រដ្ឋលេខាធិការ បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមវគ្គបណ្តុះបណ្តាលនេះ ឱ្យបានពេញលេញ ដើម្បីក្លាយជាអាជីវករលក់ជី-ថ្នាំកសិកម្ម ប្រកបដោយវិជ្ជាជីវៈ ហើយអាជីវករ ក៏បានបង្ហាញនូវក្តីសោមនស្សរីករាយ និងចូលរួមវគ្គបណ្តុះបណ្តាលនេះតាមកម្មវិធីដែលបានគ្រោងទុក ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងជួយផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ជួយដល់ប្រជាកសិករ និងការរួមចំណែកអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសនៅខេត្តស្ទឹងត្រែង៕