(ត្បូងឃ្មុំ)៖ លោកសាស្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ជាប្រធានក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បាននាំយក និងប្រគល់គ្រឿងបរិក្ខារពិនិត្យសុខភាពភ្នែក ដែលជាជំនួយឧបត្ថមដោយមូលនិធិហ្វេ្រដហូឡូកម្ពុជា ផ្តល់ជូនដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរទេព្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

ក្នុងនោះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ, លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តំណាងអង្គការដៃគូ មូលនិធិហ្វេ្រដហូឡូ (Fred Hollow foundation) មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យ។

បើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ការផ្តល់ជូននៅសម្ភារៈបរិក្ខាពិនិត្យសុខភាពភ្នែកនេះ គឺក្នុងគោលបំណងដើម្បីគាំទ្រដល់ការពិនិត្យ ការពារនិងព្យាបាលដល់អ្នកជំងឺដែលមានបញ្ហាភ្នែក និងផ្តល់ភាពងាយស្រួលដល់វេជ្ជបណ្ឌិតផ្នែកចក្ខុរោគ ងាយក្នុងការពិនិត្យ និងព្យាបាលសុខភាពភ្នែកដល់ពលរដ្ឋ។ លោកវេជ្ជបណ្ឌិត ក៏បានធ្វើការថ្លែងអំណរគុណក្រសួងសុខាភិបាល ក៏ដូចជាក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក ជាពិសេសគឺអង្គការដៃគូមូនិធិ ហ្វេ្រដហូឡូ ដែលតែងតែគាំទ្រដល់មន្ទីរពេទ្យនៅក្នុងខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះ លោក សាស្តាចារ្យ ងី ម៉េង ប្រធានក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក ក៏បានកោតសរសើរដល់មន្ទីរសុខាភិបាលខេត្ត ជាពិសេសមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំផងដែរ ដែលកន្លងមកតែងតែធ្វើការពិនិត្យ និងព្យាបាលពលរដ្ឋដោយឥតគិតថ្លៃ ក្រោមគម្រោងមូនិធិផ្សេងៗ ហើយនេះគឺជាផ្នែកមួយដែលជួយដល់ពលរដ្ឋ ឲ្យទទួលបានសេវាព្យាបាលកាន់តែប្រសើរឡើងបន្ថែមទៀត។

ស្ថិតក្នុងឱកាសនោះ លោក សាស្តាចារ្យ ងី ម៉េង ក៏បានធ្វើការប្រគល់ជូននៅសម្ភារៈបរិក្ខារដើម្បីពិនិត្យនិងព្យាបាលសុខភាពភ្នែករួមមាន៖ ម៉ាស៊ីនថតបាតភ្នែក, ម៉ាស៊ីនវាស់សម្ពាធភ្នែក និងកែវពង្រីកពិនិត្យមើលបាតភ្នែក ផងដែរ។

បើតាមការបញ្ជាក់ពី លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានឲ្យដឹងថា ចំពោះប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងពលរដ្ឋដែលនៅខេត្តជាប់គ្នា អាចមកទទួលសេវាពិនិត្យបាតភ្នែក នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំដោយឥតគិតថ្លៃរយៈពេល១ខែនៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ៕