(ភ្នំពេញ)៖ «កម្លាំងគោជល់ ឬ Red Bull Power» គឺជាកម្មវិធីទូរទស្សន៍ ដែលប្រកួតប្រជែង ភាពរឹងមាំផ្នែកកាយសប្បទា បញ្ញា ស្មារតី ដំបូងបង្អស់នៅកម្ពុជា ផលិតឡើងដើម្បីលើកកម្ពស់ ក៏ដូចជាជំរុញទូរទស្សនិកជនគ្រប់ស្រទាប់ ឲ្យចេះស្រឡាញ់សុខភាព ការហាត់ប្រាណប្រចាំថ្ងៃ និងភាពរឹងមាំខាងផ្នែកស្មារតី។
សន្និសីទសារព័ត៌មាន បើកសម្ពោធជាផ្លូវការណ៍នៃកម្មវិធី «កម្លាំងគោជល់» បានរៀបចំឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ នាស្ថានីយទូរទស្សន៍ CTN ក្រោមវត្តមាន លោក David Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS នៃ រ៉ូយាល់ គ្រុប និងលោក ស្រិន ផល្លា នាយកចាត់ការទូទៅក្រុមហ៊ុន ហេរ៉ូ ឃីង ដែលជាតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់។
កម្មវិធីកាយវប្បកម្ម «កម្លាំងគោជល់» បានចុះជ្រើសរើសបេក្ខជន តាមបណ្ដារាជធានី និងខេត្ត ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ចាម និងបាត់ដំបង ហើយជ្រើសរើសបានបេក្ខជន ជើងខ្លាំងជាច្រើនរូប ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី ដែលមានទឹកប្រាក់រង្វាន់ដ៏សម្បើម រហូតដល់១០០លានរៀល។
បេក្ខជនជើងខ្លាំងទាំងអស់នោះ បានមកទីកន្លែងផ្សេងៗគ្នា និងអាជីពការងារខុសៗគ្នាដែលមានដូចជា និស្សិត បុគ្គលិកការិយាល័យ កម្មកររោងចក្រ រួមទាំងអ្នកបើកបរតុកតុក។ ពួកគេ នឹងធ្វើការប្រកួតប្រជែងយ៉ាងអង់អាច ស្វិតស្វាញ និងប្រកបដោយថាមពល ដោយសារមានការជំរុញ ពីភេសជ្ជៈប៉ូវកម្លាំងគោជល់។
កម្មវិធីកម្លាំងគោជល់ នឹងចាក់ផ្សាយភាគដំបូងរបស់ខ្លួន នៅលើកញ្ចក់ទូរទស្សន៍ CTN នាថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៦៖៣០ ដល់៨៖០០យប់។
សូមទស្សនិជន កុំភ្លេចរង់ចាំទស្សនា ក៏ដូចជាតាមដាន កម្មវិធីដ៏អស្ចារ្យនេះទាំងអស់គ្នា ថាតើបេក្ខជនរូបណា អាចនឹងក្លាយជាជើងឯករបស់កម្មវិធីកម្លាំងគោជល់ ហើយទទួលបានទឹកប្រាក់រង្វាន់១០០លានរៀលនេះ។
ដោយឡែក នាឱកាសសន្និសីទសារព័ត៌មាន របស់កម្មវិធីកម្លាំងគោជល់ នៅស្ថានីយទូរទស្សន៍ CTN នៅថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២៥នេះដែរ ដោយបានដឹងពីទុក្ខលំបាករបស់កញ្ញា ពេជ្រ ចរណៃ ដែលជាពិធីការិនីរបស់កម្មវិធី កម្លាំងគោជល់ ដែលកំពុងជួបប្រទះ នាពេលថ្មីៗនេះ ដោយសារតែមានអគ្គិភ័យឆាបឆេះហាងរបស់កញ្ញា។
ក្រុមហ៊ុន Hero King ដែលជាតំណាងរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ បានផ្ដល់ជូននូវជំនួយជាថវិកា ក៏ដូចជាសំម្ភារ និងឱកាសការងារថ្មីជាមួយគោជល់ បន្ថែមពីលើមុខងារបច្ចុប្បន្នជា ពិធីការនីរបស់កម្មវិធីកម្លាំងគោជល់ ទៅដល់កញ្ញា ចរណៃ ដែលនេះជាកាយវិការដ៏ប្រពៃ បង្ហាញពីការយកចិត្តដាក់របស់ក្រុមហ៊ុន ចំពោះក្រុមការងារផលិតកម្មវិធី៕