(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញសំណេះសំណាល និងទទួលដំណើរនិវត្តន៍សាសនិកឥស្លាមកម្ពុជាចំនួន១២៧នាក់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បន្ទាប់ពីបានបំពេញកាតព្វកិច្ចបុណ្យធម្មយាត្រាហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាព។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា សម្រាប់ឆ្នាំ២០២៥នេះ សាសនិកឥស្លាមលើសាកលលោកចំនួន ជាង១,៦៧៣,០០០នាក់ បានទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ ក្នុងនោះកម្ពុជាមានចំនួន១,២១៦នាក់ ចំណាយថវិកាសរុបចំនួនប្រមាណជាង៦,៦០០,០០០ដុល្លារអាមេរិក។ លោកបានបន្តថា ឆ្នាំ២០២៥នេះ មានសាសនិកឥស្លាមចង់ទៅធ្វើបុណ្យហាជ្ជ មានចំនួនច្រើនរហូតដល់១,៥០០នាក់ឯណោះ ប៉ុន្តែកម្ពុជាមានចំនួនកូតាកំណត់ត្រឹម១,២០០នាក់។
ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងចំណោម១២១៦នាក់ខាងលើ មានចំនួន១៦នាក់ ទទួលបានព្រះរាជឧបត្ថម្ភពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន់ ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ដែល់បានផ្តល់ជូនដល់សហគមន៍ឥស្លាមកម្ពុជា។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្ថែមថា សម្រាប់កម្ពុជា កាលពីឆ្នាំ២០២៤ កន្លងទៅអ្នកទៅធ្វើបុណ្យហាជ្ជី មានចំនួនត្រឹមតែ៩៦៥នាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៥នេះ មានការកើនឡើងចំនួនជាង២០០នាក់ នេះហើយដោយសារក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមានភាពងាយស្រួលក្នុងការចេញដំណើរទៅប្រតិបត្តិសាសនា ជាពិសេសសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើប្រជាពលរដ្ឋអាចប្រកបមុខរបរទទួលបានចំណូលច្រើន និងមានលទ្ធភាពទៅប្រតិបត្តិបុណ្យនេះ។
លោកបានបញ្ជាក់ថា លោកគ្រោងនឹងជួបរដ្ឋមន្ត្រីក្រសួងហាជ្ជី និងអ៊ុំរ៉ោះអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំបង្កើនចំនួនអ្នកទៅធ្វើបុណ្យហាជ្ជ បន្ថែមទៀត ចន្លោះពី១,៥០០ ទៅ២,០០០នាក់ សម្រាប់ឆ្នាំក្រោយៗទៀត។
សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត៕