(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការប្រកួតកីឡាមានសារៈសំខាន់ខ្លាំងណាស់ហើយការចូលរួមលើកកម្ពស់វិស័យកីឡា គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដូចដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC Cambodia Plc បានកំពុងលើកកម្ពស់នាពេលនេះ និងសូមសំណូមពរដល់វិស័យឯកជនទាំងអស់បំផុសឱ្យមានការចូលរួមលេងកីឡាទាំងអស់គ្នា «ប្រជាពលរដ្ឋម្នាក់កីឡាមួយប្រភេទ» ដើម្បីសុខភាពល្អ សាមគ្គីភាព ចៀសឆ្ងាយពីអំពើអបាយផ្សេងៗមានគ្រឿងញៀន និងឧក្រិដ្ឋកម្ម និងបន្តរួមគ្នាប្រើ App NoDrug ដើម្បីចំណេះដឹង និងរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍។

ការលើកឡើងបែបនេះរបស់លោក ឧត្តមសេនីយ៍ឯក លឹម តុងហួត​ បានធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោករួមជាមួយនឹងលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី LOLC បើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ អិលអូអិលស៊ី សម្រាប់ឆ្នាំ២០២៥ ក្របខណ្ឌ អិលអូអិលស៊ី ទូទាំងប្រទេស នៅមជ្ឈមណ្ឌលកីឡា AUPP (ឫស្សីកែវ)។

លោក សុខ វឿន បានមានប្រសាសន៍ទៅកាន់ក្រុមប្រកួតដែលមកពីភូមិភាគរាជធានីភ្នំពេញ និងភូមិភាគសៀមរាបថា ការប្រកួតនេះគឺធ្វើឡើងក្នុងគោលបំណងឱ្យបុគ្គលិក អិលអូអិលស៊ី ទាំងអស់មានសុខភាពល្អ ស្មារតីគាំទ្រស្រលាញ់កីឡា ភាពជិតស្និត និងស្មារតីសាមគ្គីជាក្រុម រួមគ្នាធ្វើការដើម្បីរីកចម្រើនទៅមុខទាំងអស់គ្នា។

ទាញយក៖ https://nodrugsnacd.com/download_kh