(ភ្នំពេញ)៖ សមាគមវារីវប្បករនៅកម្ពុជា និងប្រជាពលរដ្ឋជាអ្នកចិញ្ចឹមត្រី និងកង្កែប នៅក្នុងប្រទេសកម្ពុជា បង្ហាញការគាំទ្រចំពោះយន្តការរបស់រាជរដ្ឋាភិបាលដែលបានជំរុញការប្រើប្រាស់ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទសឱ្យគាំទ្រផលិតផលក្នុងស្រុក ក្នុងនោះក៏មានផលិតផលត្រី និងកង្កែបផងដែរ និងប្រឆាំងចំពោះការស្នើសុំបង្កើនកូតានាំចូលត្រីរបស់លោកស្រី នាង សុវណ្ណារី ប្រធានសមាគមន៍អ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលគិតតែពីប្រយោជន៍ផ្ទាល់របស់ក្រុមហ៊ុននាំចូល ដោយមិនបានគិតគូរពីអ្នកចិញ្ចឹមក្នុងស្រុក។
លោក ឡែមផូ សូថារឹទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា បានលើកឡើងតាមរយៈសន្និសីទសារព័ត៌មាន ស្តីពីគោលជំហររបស់សមាគមវារីវប្បករនៅកម្ពុជាលើការងារវារីវប្បកម្មចំពោះមុខ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះថា វារីវប្បករកម្ពុជា គាំទ្រអនុសាសន៍របស់សម្តេធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១ កក្កដា ២០២៥ ក្នុងកម្មវិធីទិវាមច្ឆជាតិនភខេត្តតាកែវ ក្នុងការជំរុញផលិតផលក្នុងប្រទេស និងចូលរួមគាំទ្រផលិតផលក្នុងប្រទេស ដោយណែនាំក្រុមហ៊ុននាំចូល ត្រូវបង្វែរមកប្រមូលទិញផលិតផលជលផលរបស់វារីវប្បករក្នុងស្រុក។
លោកបានបន្ថែមថា ការនាំចូលច្រើនលើសលុបនឹងធ្វើអោយប៉ះពាល់ដល់វារីវប្បកម្មក្នុងស្រុក ហើយលោកបានស្នើសុំឱ្យក្រុមហ៊ុននាំចូល អនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការកាត់បន្ថយការនាំចូលត្រី ហើយបង្វែរមកទិញត្រីក្នុងស្រុកជំនួសវិញ។
ថ្មីៗនេះមានការលើកឡើងរបស់សមាគមន៍អ្នកផ្តត់ផ្គង់ត្រីកម្ពុជា អំពីចំណាត់ការរបស់ក្រសួងក្នុងការរឹតបន្តឹងការនាំចូលដែលនាំឱ្យប៉ះពាល់ការផ្តត់ផ្គង់ត្រីចំពោះតម្រូវការទីផ្សារនិងអាចធ្វើឱ្យតម្លៃត្រីឡើងថ្លៃប៉ះពាល់ដល់អ្នកប្រើប្រាស់។ ពាក់ព័ន្ធបញ្ហានេះ សមាគមនវារីវប្បករកម្ពុជា បានបដិសេដចំពោះការលើកឡើងនេះ ដោយគូសបញ្ជាក់ថាបរិមាណត្រីដែលចិញ្ចឹមក្នុងស្រុកមួយចំនួនដូចជាត្រីប្រា ត្រីពោ និងត្រីឆ្តោអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ ចំណែកត្រីប្រភេទមួយចំនួនផ្សេងទៀត អាចផ្គត់ផ្គង់បានចន្លោះពី២៥ - ៥០%។
ទោះយ៉ាងណា សមាគមន៍ស្នើឱ្យមានការកំណត់កូតានៃការនាំចូលដែលសម្រាប់តែតម្រូវការបំពេញបន្ថែមប៉ុណ្ណោះនិងទុកចន្លោះ១០% ដើម្បីឱ្យវារីវប្បករក្នុងស្រុកមានលទ្ធភាពបង្កើនការចិញ្ចឹមឱ្យកាន់តែច្រើនឡើងជាបន្តទៀត។
លោក ជេត ភារម្យ នាយកកម្មវិធី សមាគមវារីវប្បករនៅកម្ពុជា បានប្រកាសពីការគាំទ្រចំណាត់ការក្រសួងក្នុងការពង្រឹងការត្រួតពិនិត្យរាល់ការនាំចូលត្រីពីប្រទេសជិតខាង ដោយតម្រូវឱ្យការត្រួតពិនិត្យដើមទីនិងចុងទី និងត្រូវមានកូតានាំចូលច្បាស់លាស់ ចៀសវាងការនាំចូលច្រើនលើសលប់ក្នុងគោលបំណងទុច្ចរិត ទម្លាក់តម្លៃផលវារីវប្បកម្មក្នុងប្រទេស ផ្តួលវារីវប្បករក្នុងប្រទេស។
លោក លក លឿន និងលោក ឆាយ ឈាង អ្នកចិញ្ចឹមត្រី និងជាសមាជិក សមាគមវារីវប្បករនៅកម្ពុជា និងលោក រី វុទ្ធី អ្នកចិញ្ចឹមកង្កែប និងក៏សមាគមវារីវប្បករនៅកម្ពុជា បានប្រកាសគាំទ្រ លទ្ធផលកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ រវាងវិស័យឯកជនក្រុម «ក» នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលទ្ធផលកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋបាលជលផលនូវរាល់ចំណាត់ការការរឹតបណ្ដឹងការនាំចូលត្រីពីប្រទេសជិតខាង។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ការនាំចូលត្រីពីប្រទេសជិតខាង នឹងត្រូវកំណត់កូតាតាមតម្រូវការទីផ្សារក្នុងស្រុកជាក់ស្ដែង ដោយឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ចាប់ពីពេលនេះទៅ៕