(ភ្នំពេញ)៖ សព្វថ្ងៃបើយើងធ្វើដំណើរមកដល់តំបន់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលពីមុនជាតំបន់ដាច់ស្រយាល និងជាតំបន់សមរភូមិប្រយុទ្ធគ្នាយ៉ាងសន្ធោសន្ធៅ បច្ចុប្បន្នបានប្រែក្លាយមុខមាត់មកជាតំបន់មានការអភិវឌ្ឍ និងមានអាគារទំនើបៗ ប្រណិតៗបាននិងកំពុងសាងសង់យ៉ាងសស្រាក់សស្រាំជាទីពេញនិយមដល់អ្នកវិនិយោគជាតិ និងអន្ដរជាតិយ៉ាងសកម្មនិងប្រពៃថ្លៃថ្លា។ ស្ថិតក្នុងពេលកំពុងអភិវឌ្ឍនេះ បើយើងងាកមកស្វែងយល់អំពីតំបន់ច្រកព្រំដែនអន្ដរជាតិម៉ឺនជ័យ ក្នុងប្រព័ន្ធជំនឿខ្មែរវិញ គឺមានចោទជាសំណួរថា តើច្រកព្រំដែនអន្ដរជាតិម៉ឺនជ័យ មានជាប់នឹងប្រវត្ដិអ្នកតាម្ចាស់ស្រុកយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បើយើងពោលអំពីប្រព័ន្ធជំនឿរខ្មែរនៅតំបន់នេះ គឺមានជាប់ពាក់ព័ន្ធនឹងអ្នកតាម្ចាស់ស្រុក ដែលជានិមិត្ដរូបតំណាង​ឲ្យធម្មជាតិ ដុំ​ថ្ម ឬ​ដើមឈើ​ គឺជា​ព្រលឹង​នៃម្ចាស់​ទឹកម្ចាស់ដីនៃភូមិ ឃុំ ស្រុករបស់ប្រទេសកម្ពុជា មាន​ការតព្វកិច្ចថែរក្សា​ការពារ​ទឹកដីនិងកូនចៅ មិនខុសពីប្រវត្ដិប្រព័ន្ធជំនឿអ្នកតាម្ចាស់ស្រុកនៅតំបន់ដ៏ទៃផ្សេងៗនៃប្រទេសកម្ពុជាទ្បើយ។

ហេតុនេះតំបន់ច្រកព្រំដែនអន្ដរជាតិម៉ឺនជ័យ ដែលជាប់នឹងប្រវត្ដិអ្នកតាម្ចាស់ស្រុកជាបុព្វការីជននោះគឺ៖ ជាប់ពាក់ព័ន្ធនឹងប្រវត្ដិអ្នកតាម៉ឺនជ័យ និងលោកយាយមានលាភ យើងពុំដឹងថា មានប្រវត្ដិ និងសេចក្ដីដំណាលយ៉ាងណានោះទេ ប៉ុន្ដែឈ្មោះ "ម៉ឺនជ័យ" ប្រហែលជាគោរមងារនៃមន្ត្រីថ្នាក់ខ្ពស់នាសម័យបុរាណ ជាមន្ត្រីបំរើកិច្ចការថ្វាយព្រះមហាក្សត្រស្ដេចផែនដី និងជាអ្នកដែលចេះដឹងជ្រៅជ្រៈនិងមានស្នាដៃល្អជោគជ័យក្នុងកិច្ចការកំចាត់ខ្មាំងសត្រូវនិងការពារជាតិ។
សព្វថ្ងៃនេះអ្នកតាម៉ឺនជ័យ និងលោកយាយមានលាភ យើងឃើញមានអាស្រមនៅក្រោមដើមស្វាយមួយដើមដ៏ធំ ប៉ុន្ដែគេពុំដឹងថាមានអាយុកាលប៉ុន្មានឆ្នាំហើយនោះទេ។ ប៉ុន្ដែអ្វីដែលមានការខុសប្លែកពីស្វាយទូទៅដ៏ទៃនោះគឺនៅត្រង់ថា ដើមស្វាយមួយដើមដ៏ធំនេះ បានលូតលាស់ខ្ពស់ស្គឹមស្គៃនិងបែកមែកសាខាជា៣ប្រភេទស្វាយដាច់ស្រទ្បះពីគ្នា ហើយបែរទៅ​ទិសផ្សេងៗគ្នា គឺមានដូចជា៖ ប្រភេទស្វាយទី១៖ ស្វាយព្រំសែន (ស្វាយសេះ) លូតលាស់និងបែកមែកសាខា បែរទៅទិសខាងកើត, ប្រភេទស្វាយទី២៖ ស្វាយព្រៃ លូតលាស់និងបែកមែកសាខា បែរទៅទិសខាងជើង និងប្រភេទស្វាយទី៣៖ ស្វាយតាទ្បាំ លូតលាស់និងបែកមែកសាខា បែរទៅទិសខាងលិចឈៀងខាងត្បូង (ទិសនិរតី)។ រីឯស្វាយទាំង៣ប្រភេទនេះវិញ ផ្លែជាបន្តបន្ទាប់គ្នា គឺមែកខាងស្វាយព្រំសែន ចេញផ្លែ៣ទៅ៤ខែ បន្ទាប់មក មែកខាងស្វាយស្វាយព្រៃ ចេញផ្លែ៣ទៅ៤ខែ ហើយខែបន្ទាប់មកទៀត មែកខាងស្វាយតាទ្បាំ ចេញផ្លែ៣ទៅ៤ខែ បន្តបន្ទាប់គ្នា។ និយាយរួមទៅស្វាយដ៏ធំមួយដើមនេះ ផ្លែមិនដាច់គឺផ្លែគ្រប់រដូវ ផ្លែពេញ១ឆ្នាំតែម្តង ដោយបានចេញផ្កាផ្លែ ផ្លាស់ប្ដូរវេនគ្នាជាបន្ដបន្ទាប់។ ឯរសជាតិវិញ ផ្លែទាំង៣ប្រភេទស្វាយនេះទោះខ្ចី ឬទុំ គឺមានរសជាតិជួរខ្លាំងណាស់ ដោយមិនអាចបរិភោគធម្មតាដូចស្វាយទូទៅបានទ្បើយ ក្រៅតែពីអាចស្លសម្លម្ជូរមូយមុខប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ នៅលើដើមស្វាយដ៏ធំមួយដើមនេះ ចាប់ពីគល់ស្វាយទ្បើងទៅ គេឃើញមានស្នាមជើងមនុស្សស្រី និងស្នាមជើងសេះផ្តិតជាប់លើដើមស្វាយដែលអ្នកស្រុកដំណាល ពីរឿងរ៉ាវនៃស្នាមជើងរបស់មនុស្សស្រីគ្រប់ល័ក្ខ និងស្នាមជើងរបស់សត្វសេះ យ៉ាងរស់រវើក។

នៅតំបន់នេះផងដែរ អ្វីដែលកាន់តែពិសេសអស្ចារ្យថែមទៀតនោះ គឺមានដើមពោធិ៍តេជោសែនជ័យមួយដើមធំ បានដុះចេញពីថ្មលើផ្លូវស្ពានបេតុង នៅត្រង់ចំណុចអក្ស័ព្រំដែនអន្ដរជាតិម៉ឺនជ័យ សព្វថ្ងៃប្រជាជនធ្វើដំណើរចេញ-ចូលព្រំដែនតែងគោរពនិងបួងសួងសុំសេចក្ដីសុខសប្បាយនិងសិរីមង្គលដល់ខ្លួននិងក្រុមគ្រួសារ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ យោងតាមរបាយការណ៍បានឲ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តីនណាម (កម្ពុជា-វៀតណាម) ដែលដំបូងឡើយ ទីតាំងនេះជាច្រករបៀងដែលប្រជាជនរស់នៅទាំងសងខាងតែងតែដោះដូរទំនិញ និងកសិផលគ្នាទៅវិញទៅមក។ ក្នុងអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៤ ក្រោយមកទៀតរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យ ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឹនជ័យ” តាមលិខិតលេខ ៦៣៥ ស.ជ.ណ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី។ ចំពោះភាគីវៀតណាម បានឯកភាពដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនតឺនណាម ទៅជា "ច្រកទ្វារ ព្រំដែនអន្តរជាតិ តឺនណាម នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ បានក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) ហើយបើតាមគម្រោងច្រកព្រំដែនអន្ដរជាតិម៉ឺនជ័យនេះ នឹងត្រូវសម្ពោធជាផ្លូវការដោយប្រមុខនៃរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅពេលខាងមុខ៕