(ព្រៃវែង)៖ លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកព្រះស្តេច និងលោកស្រី សាយ សុផា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃទាំង ៥១វត្តក្នុងស្រុកព្រះស្ដេច និងបាននិវេរដីប្រគេនព្រះសង្ឃចំនួន ៨០០០ម៉ែត្រការ៉េ ដាំដើមឈើចំនួន ៤០០០ដើម រៀបចំបុណ្យផ្កាប្រាក់សាមគ្គី វត្តពោធិ៍លាស់ ក្នុងភូមិព្រៃក្ដួច ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

លោក ហ៊ឺ បាវី មានប្រសាសន៍ថា ការរៀបចំពិធីប្រគេនទទៀនវស្សា គឺដើម្បីបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើង និងដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ (ជានិមិត្តរូប) បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូ ក្នុងឱកាសព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល៣ខែ ។

ជាមួយគ្នានេះ លោក​បានចែករំលែកនូវគន្លឹះល្អមួយចំនួន ដល់មាតាបិតា ជាពិសេសអ្នកនៅតាមទីជនបទ ក្នុងការលើកទឹកចិត្តដល់កូន ឱ្យស្រឡាញ់ និងខិតខំប្រឹងប្រែងរៀនសូត្រ។ ក្រៅពីការផ្តល់ការថែទាំសុខភាព និងផ្តល់អាហារជាប្រចាំ, នៅពេលដល់ម៉ោងកូនទៅរៀន ឪពុកម្តាយ គួរដឹកដៃជូនកូនដល់របផ្ទះ និងនិយាយលើកទឹកចិត្ត ឱ្យកូនខិតខំរៀនសូត្រ ហើយនៅពេលកូនត្រឡប់មកពីសាលាវិញ គួរទៅទទួលកូន ដែលនេះជាចំណុចមិនពិបាកធ្វើ ប៉ុន្តែជាការផ្តល់កម្លាំងចិត្តដ៏សំខាន់មួយ ដល់កូនៗឱ្យមានទឹកចិត្តស្រឡាញ់ការរៀនសូត្រ និងជាការបណ្តុះមនោសញ្ចេតនាល្អ រវាងឪពុកម្តាយ និងកូនផងដែរ។

លោកក៏បានចែករំលែកបទពិសោធល្អៗ ពាក់ព័ន្ធនឹងការធ្វើស្រែ ពោលគឺការដាំដំណាំស្រូវ និងការចិញ្ចឹមសត្វ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកព្រះស្តេចផងដែរ ក្នុងន័យដើម្បីចូលរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ និងចូលរួមកាត់បន្ថយភាពក្រីក្រ។

ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកព្រះស្តេច បានសម្តែងនូវការដឹងគុណ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខគ្រប់បែបយ៉ាង ចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ក្នុងស្រុកព្រះស្តេច និងបានថ្លែងអំណរគុណចំពោះលោក ហ៊ឺ បាវី និងក្រុមការងារចុះមូលដ្ឋាន ដែលតែងតែជួយជ្រោមជ្រែងដល់ពួកគាត់ ធ្វើឱ្យពួកគាត់ទទួលបានសមិទ្ធផលនានាជាបន្តបន្ទាប់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ៕