(ព្រះវិហារ)៖ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដឹកនាំដោយលោកវេជ្ជបណ្ឌិត លី សុខី ប្រធានប្រតិបត្តិ តំណាងលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រៅពីការពិនិត្យព្យាបាលជម្ងឺជូនប្រជាបលរដ្ឋដោយឥតគិតថ្លៃ ក្រុមការងារក៏បាននាំយកនូវសម្ភារៈជាតម្រូវការចាំបាច់របស់មណ្ឌលមួយចំនួន ដែលជាអំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា មកប្រគល់ជូនមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើមនេះផងដែរ។

ដំណើរការពិនិត្យព្យាបាលជម្ងឺបានប្រព្រឹត្តទៅដោយរលូន ក្នុងរយៈពេល៧ម៉ោង ចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ២:៣០ នាទីរសៀល។ លទ្ធផលជាក់ស្តែងរួមមាន៖ ពិនិត្យព្យាបាលរោគស្ត្រី ១៧០នាក់, សម្ភព និងអេកូសាស្ត្រ ១១៤នាក់, ពិនិត្យ និងព្យាបាលធ្មេញ ១២៤នាក់, លាបថ្នាំការពារធ្មេញ ២១៣នាក់, ចែករទេះជនពិការ ចំនួន១០គ្រឿងផងដែរ។

ក្រៅពីនេះក្រុមការងារក៏បានឧបត្ថម្ភសម្ភារៈមួយចំនួនទៀតរួមមាន៖ ធុងសំរាមធំ ២០ធុង សាប៊ូសំអាតបន្ទប់ទឹក ១២០ គីឡូក្រាម ច្រាសដុសបន្ទប់ទឹក ៥០ឈុត, ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ២,៤០០ឈុតសម្រាប់កុមារ អំបោសធាងដូង និងប្រដាប់កិប ៥០ឈុត។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក សុខ សាន្តតារ៉ា បានថ្លែងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានចាត់ក្រុមវេជ្ជសាស្ត្ររបស់សម្តេច ចុះពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលភៀសខ្លួនមកពីតំបន់ប្រឈមតាមព្រំដែន មកស្នាក់នៅបណ្តោះអាសន្នវត្តពោធិ៍៥០០០ដើម នាឱកាសនេះ៕