(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យកូនឈើលម្អដែលបានដាំរួច ប្រមាណជា១,២០០ដើម និងជំរុញការដាំដុះបន្ថែម នៅតាមសងខាងផ្លូវ ក្នុងភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងឹល ស្រុកភ្នំក្រវាញ ដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ។
លោក ខូយ រីដា បានលើកឡើងថា កូនឈើលម្អចំនួន១,២០០ដើម រួមមានកូនក្ងោក ជ្រេស និងចារ ត្រូវបានដឹកពីស្ថានីយ៍ផ្សព្វផ្សាយ អភិរក្ស និងដាំស្តារព្រៃឈើដំណាក់ទ្រយឹង នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មកធ្វើការដាំដុះរួចរាល់ និងបន្តដាំបន្ថែម តាមអមសងខាងផ្លូវ ក្នុងភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង។
លោកបន្តថា តាមផែនការដែលបានគ្រោងទុក យើងត្រូវដាំកូនឈើលម្អ សរុបប្រមាណជា២០,០០០ដើម សងខាងផ្លូវទាំង១៤ខ្សែក្នុងភូមិ ដែលមានប្រវែងសរុបជិត៦០គីឡូម៉ែត្រ ក្នុងនោះផ្លូវចូលភូមិ១ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ផ្លូវទទឹងក្នុងភូមិ៥ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រ និងផ្លូវបណ្តោយក្នុងភូមិ៨ខ្សែ ប្រវែងជាង៤០គីឡូម៉ែត្រ។
លោក ខូយ រីដា បន្ថែមថា ការដាំនេះមិនមែនដាំឱ្យរួចពីដៃ យកតែបរិមាណ ហើយទុកចោលនោះទេ ពោលគឺត្រូវដាំឱ្យមានរបៀបរៀបរយ ដាំឱ្យដុះ ដាំឱ្យរស់ និងដាំឱ្យមានសោភណ្ឌភាព។ ឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែង ឃើញថាកូនឈើលម្អ ប្រមាណជា១,២០០ដើម អាចនៅរស់ប្រហែលជា៥០ទៅ៦០%នោះទេ ដែលទាមទៀរឱ្យមានការយកចិត្តទុកដាក់ដាំដុះ និងជួសឡើងវិញ។
លោកបានបញ្ជាក់ថា គោលបំណងនៃការដាំដុះនេះ គឺដើម្បីប្រែក្លាយភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឱ្យក្លាយជាភូមិគម្រូ មានទេសភាពបៃតង និងឆ្លាតវៃនាពេលអនាគត ដែលសាកសមជាភូមិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាការអនុវត្តស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ គុណសម្បត្តិនៃការដាំកូនឈើនេះ ដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ។
លោកអភិបាលខេត្ត បានរម្លឹកឱ្យដឹងថា កន្លងមករដ្ឋបាលខេត្តពោធិ៍សាត់ បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនកន្លែងផ្សេងគ្នា នៅទូទាំងខេត្ត ដូចជា៖ សាលារៀន វត្ដអារាម រមណីយដ្ឋាន ជាពិសេសអមសងខាងផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចភ្នំ១៥០០ ផ្លូវអន្ទង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួន, ទីប្រជុំរដ្ឋបាលស្រុកតាលោសែនជ័យ, ស្ពានតេជោសន្តិភាពឬស្សីជ្រុំ, អូរ១ និងអូរ២ ដែលកំពុងមានការលូតលាស់បានយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះ លោកក៏នៅតែមានមហិច្ឆិតាដ៏ធំ ដើម្បីបន្តធ្វើការដាំដើមឈើបន្ថែមទៀត និងដាំឱ្យបានច្រើន ទៅតាមអ្វីដែលអាចធ្វើទៅបាន ក្នុងអាណត្តិរបស់លោក។
លោកសង្ឃឹមយ៉ាងមុតម៉ាំថា បន្ទាប់ពីដាំកូនឈើទាំងនេះរួចរាល់ហើយ ម្ចាស់លំនៅឋានផ្ទាល់ និងអាជ្ញាធរដែនដី នឹងមានការចូលរួមថែរក្សា ដើម្បីលើកទឹកចិត្តដល់រូបលោក បន្តធ្វើការដាំដើមឈើបន្ថែមទៀត ឱ្យបានច្រើន ទៅតាមអ្វីដែលអាចធ្វើទៅបាន ក្នុងអាណត្តិរបស់លោក ទុកជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ៗគ្នា។
ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានបន្តចុះត្រួតពិនិត្យការដ្ឋានស្ថាបនាច្រាំងស្ទឹងពោធិ៍សាត់ នៅត្រើយខាងលិច ចាប់ពីចំណុចក្បាលហុង រហូតដល់ស្ពានអាកាសផ្លូវវាងក្រុង ឈានទៅរៀបចំកែលម្អច្រាំងស្ទឹង ឱ្យមានកន្លែងលក់ដូរសមរម្យ មានសណ្តាប់ធ្នាប់ល្អ មានកន្លែងហាត់ប្រាណ ប្រកបដោយផាសុកភាព និងលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែលេចធ្លោ៕