(ព្រៃវែង)៖ លោកស្រី ហ៊ន សុធារី អភិបាលរងខេត្ត តំណាងលោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក មន្រ្តីរាជការ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំក្រុងពលីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យ ១ខ្នង កម្ពស់៥ជាន់ ដែលមានទទឹង ១៨ម៉ែត្រ បណ្តោយ ៣១ម៉ែត្រ នៅលើដីទំហំ ៤.០០០ម៉ែត្រការ៉េ ដែលជាជំនួយសប្បុរធម៌ និងជាជំនួយឥតសំណងរបស់ក្រុមហ៊ុន នង សារិន មានសំណាង អ៉ីនវេសមិន អេន ខនស្ត្រាក់សិន អ៉ីមផត អិចផត ឯ.ក។
ក្នុងឱកាសនោះដែរ លោក នង សារិន បានថ្លែងថា ពិធីបញ្ចុះបឋមសិលា សាងសង់អគារ មន្ទីរពេទ្យបង្អែកបាភ្នំថ្មី ដែលជាជំនួយសប្បុរធម៌ និងជាជំនួយឥតសំណងរបស់ក្រុមហ៊ុន នង សារិន មានសំណាង អ៉ិនវេសមិន អេន ខនស្ត្រាក់សិន អ៉ីមផត អិចផត ឯ.ក ក្នុងនាមលោកផ្ទាល់ដែលជាប្រធានក្រុមប្រឹក្សាភិបាល ក៏មានសេចក្ដីសោមនស្សរីករាយដែលបានចូលរួមចំណែកជួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដើម្បីឱ្យក្រុមហ៊ុនបានបើកការដ្ឋានសាងសង់អាគារមន្ទីរពេទ្យជាផ្លូវការ និងឆ្លើយតបតាមតម្រូវការចាំបាច់ របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
បន្ទាប់ពីនោះដែរ លោក នង សារិន ប្រធានក្រុមប្រឹក្សាភិបាល ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកបាភ្នំ រួមទាំងគ្រូពេទ្យទាំងអស់បានយកចិត្តទុកដាក់ រួមសហការគ្នាក្នុងការពិនិត្យព្យាលជំងឺជូនប្រជាពលរដ្ឋ ធ្វើអោយមន្ទីរពេទ្យបង្អែកបាភ្នំមានការអភិវឌ្ឍជាបន្តបន្ទាប់ និងបានពង្រីង និងពង្រឹកសកម្មភាពគ្រប់គ្រងការផ្តល់សេវារបស់ខ្លួនបានល្អប្រសើ។
លោក នង សារិន ក៏បានផ្តល់អំណោយដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូ, ទឹកត្រីមួយយួរ, ទឹកស៊ីអ៉ីវមួយយួរ, មីមួយកេស និងបានអញ្ជើញបញ្ចុះបឋមសិលាដាក់ឱ្យដំណើរការសាងសង់អាគារមន្ទីរពេទ្យបង្អែកបាភ្នំនោះផងដែរ៕