(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់កូនឈើជានិមិត្តរូប ជូនដល់អភិបាលក្រុង ស្រុកចំនួន៣ នៃខេត្តកំពង់ស្ពឺ ដើម្បីដាំលម្អសងខាងដងផ្លូវជាតិលេខ៤ ពីព្រំប្រទល់ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តព្រះសីហនុ លើប្រវែងផ្លូវប្រមាណ ៨១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលដើមឈើទាំងអស់ ជាប្រភេទកូនឈើ ចាន់គិរី ចំនួន ១៦,០០០ដើម។
ពិធីនេះមានការចូលរួមពីសំណាក់លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងមហាជនជាង២០០០នាក់ចូលរួម នៅមន្ទីរអប់រំខេត្តកំពង់ស្ពឺ ក្រុងច្បារមន។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចាត់ទុក «ការដាំកូនឈើតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ» ក្នុងគោលបំណង ដើម្បីបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមយុទ្ធនាការសម្អាតបរិស្ថាន ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ សំដៅលើ «ភាពស្អាត ភាពបៃតង និងចីរភាព» និងដើម្បីបណ្តុះផ្នត់គំនិតឱ្យកាន់តែស្រលាញ់ដើមឈើ តាមរយៈការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ និងជាការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើជាដើម។
នៅក្នុងពិធីចែកកូនឈើជានិមិត្តរូបនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា សម្រាប់ការរៀបចំកម្មវិធីដាំកូនឈើនាពេលនេះ គឺជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថានជាសកល ក្នុងនាមកម្ពុជា ជាប្រទេសមួយនៃសហគមន៍អន្តរជាតិ និងដើម្បីជំរុញឱ្យកម្ពុជា សម្បូរទៅដោយភាពបៃតង និងបង្កើនសោភ័ណ្ឌភាពនៅតាមដងវិថីផ្លូវជាតិលេខ៤ ឱ្យកាន់តែមានភាពស្រស់ស្អាត។ ជាពិសេសជាឱកាសក្នុងការបង្ហាញនូវមនោសញ្ចេតនា និងស្មារតីរួមគ្នា ជាធ្លុងមួយ រួមគ្នាដើម្បីកំពង់ស្ពឺទាំងអស់គ្នាផងដែរ។
ឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដែលរៀបចំកម្មវិធីនេះឡើង ដោយជឿជាក់ថា កម្មវិធីដាំកូនឈើនេះ បានផ្តល់ជាឱកាសដ៏ល្អ សម្រាប់ឱ្យយើងទាំងអស់គ្នា បានស្វែងយល់បន្ថែម អំពីសារៈសំខាន់របស់ព្រៃឈើ ធនធានធម្មជាតិ សម្រាប់ការរក្សាលំនឹងបរិស្ថាន និងការរួមចំណែកលើកកម្ពស់ដល់ផាសុខភាព ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងជាការផ្លាស់ប្តូរនូវមុខមាត់ថ្មីរបស់ខេត្តកំពង់ស្ពឺយើងផងដែរ។
ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់ទៅលើបរិស្ថាន អាកាសធាតុ និងជីវិតមនុស្ស ព្រៃឈើជួយស្រូបយកកាបូនឌីអុកស៊ីត និងបញ្ចេញអុកស៊ីសែន ដែលចាំបាច់សម្រាប់ដង្ហើមរបស់សត្វនិងមនុស្ស ហើយជួយកាត់បន្ថយផលប៉ះពាល់របស់កាបោន ដែលជាកត្តាចម្បងនៃអាកាសធាតុក្តៅ។ ព្រៃឈើជួយរក្សាសំណឹកទឹក ទប់ស្កាត់ទឹកជំនន់ និងជួយច្រោះទឹកធម្មជាតិ ព្រៃឈើគឺជាផ្ទះរបស់សត្វ រុក្ខជាតិ និងសហគមន៍ជីវិតជាច្រើន ការបាត់បង់ព្រៃឈើនាំអោយមានការបាត់បង់ជីវចម្រុះ ដែលអាចប៉ះពាល់ដល់សង្គមមនុស្ស។ ឫសឈើជួយរឹបអូសដី ទប់ស្កាត់ការហូរនៃដីខ្សាច់ និងការធ្លាក់ដី នៅតំបន់ភ្នំ ព្រៃឈើជួយកាត់បន្ថយគ្រោះថ្នាក់រលំដីបានផងដែរ។ ព្រៃឈើផ្តល់ធនធានដូចជា ឈើ ឱសថ ផ្លែឈើ និងផលិតផលព្រៃផ្សេងៗវាក៏ជាប្រភពនៃការងារ និងអាជីវកម្មសម្រាប់សហគមន៍មូលដ្ឋាន ជាងនេះជួយបន្ធូរអារម្មណ៍ កាត់បន្ថយស្ត្រេស និងជួយពង្រឹងសុខភាពផ្លូវចិត្ត ដូចជាផ្តល់កន្លែងសម្រាប់ការកំសាន្ត និងទេសចរណ៍៕