(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ត្រូវរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដើម្បីការពារបូរណភាទឹកដីកម្ពុជា ពីការឈ្លានពាន។
ការណែនាំបែបនេះរបស់សម្ដេចម៉ែន សំអនបានធ្វើឡើងនៅក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងព្រះវិហារ ស្ថិតក្នុងវត្តជ័យមុនី ដែលមានទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ២៤ម៉ែត្រ និងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១,០០០គ្រួសារ ស្ថិតក្នុងស្ថិតក្នុងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្ដស្វាយរៀង នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អង្គពិធីទាំងមូលដោយសេក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះសមិទ្ធិផលនានាក្នុងស្រុករំដួល ក៏ដូចក្នុងខេត្ដស្វាយរៀងទាំងមូល មានការរីកចម្រើនគ្រប់វិស័យគួរឱ្យកត់សម្គាល់ ជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម ការកែលម្អជួសជុលសំណង់ អគារ ផ្លូវថ្នល់ ផ្លូវខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក មានតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រឧស្សាហកម្ម ដែលបានបង្កើតការងារជូនដល់កម្មករ កម្មការិនីរាប់ម៉ឺននាក់ ជូនដល់កូនចៅប្រជាពលរដ្ឋ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ ហើយបណ្តាសមិទ្ធិផលទាំងអស់នេះ បានធ្វើឱ្យខេត្តស្វាយរៀងប្រែមុខមាត់ថ្មីយ៉ាងស្រស់បំព្រង និងមានសកម្មភាពសង្គមសេដ្ឋកិច្ច ប្រទាក់ក្រឡាគ្នាយ៉ាងសកម្ម និងរស់រវើកគួរជាទីមោទនៈភាពក្រៃលែង ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តថា តាមរយៈបុណ្យផ្កានេះ ក៏បានបង្ហាញអំពីការចូលរួមពីសំណាក់លោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដោយទឹកចិត្តសទ្ធាជ្រះថ្លាក្នុងការចាប់មគ្គផល ក្នុងការកសាងសមិទ្ធផលនានានៅវត្តម៉ឺនជ័យ និងបានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើររួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត, មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន, ចូលរួមពង្រឹង និងថែរក្សាឱ្យបាននូវភូមិ ឃុំមានសុវត្ថិភាព។
គួររម្លឹកផងដែរថា កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក៏មានពិធីសូត្រមន្ត និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា នៅវត្តមណិរតនរាម (ហៅវត្តទួលទំពូង) ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញផងដែរ៕