(ម៉ាឡេស៊ី)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១ ដល់ថ្ងៃ៣ ខែកក្កដា ឆ្នាំ២០២៥ថ្មីៗនេះ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ 3rd Cyber Defence and Security Exhibition and Conference (CYDES) 2025 និងកិច្ចប្រជុំ 3rd ASEAN Cyber Security Summit (ACSS) 2025 នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សន្និសីទនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួង ស្ថាប័នសន្តិសុខសាយប័រ​តំណាងរដ្ឋសមាជិកអាស៊ាន អង្គភាពសន្តិសុខនិងបច្ចេកវិទ្យាអន្តរជាតិ អ្នកជំនាញសន្តិសុខសាយប័រ ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន មកពីបណ្តាប្រទេសចំនួន ២០ ដែលមានអ្នកចូលរួមប្រមាណ ១១,០០០នាក់។

សន្និសីទ CYDES 2025 ក្រោមប្រធានបទ «ការជំរុញភាពធន់សាយប័រ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រដល់ទិដ្ឋភាពឌីជីថល ឱ្យមានសុវត្ថិភាព និងមានភាពធន តាមរយៈការបង្ហាញបច្ចេកវិទ្យា នវានុវត្តន៍ និងការជំរុញកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ក្នុងបរិបទនៃការគំរាមកំហែងសាយប័រដែលកាន់តែស្មុគស្មាញ។

កិច្ចប្រជុំកំពូល ACSS 2025 ដែលឆ្នាំនេះ មានប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ គឺជាវេទិកានយោបាយកម្រិតអន្តរជាតិ មានគោលបំណងជំរុញកិច្ចសន្ទនារវាងអាស៊ាន និងដៃគូអន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង ឧត្តមានុវត្តល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ នយោបាយក្នុងវិស័យសន្តិសុខសាយប័រ។

ក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមក្នុងការតាំងពិព័រណ៍ និងបានទទួលស្វាគមន៍ លោក Datuk Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេសុី ដើម្បីបង្ហាញសមិទ្ធផលបច្ចេកវិទ្យាឌីជីថល ការច្នៃប្រឌិត និងសកម្មភាពពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសន្តិសុខសាយប័រនៅកម្ពុជា។

ការចូលរួមនេះ មិនត្រឹមតែបញ្ជាក់ពីសមត្ថភាពនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាឱកាសសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ាន និងដៃគូអន្តរជាតិ ក្នុងការពង្រឹងសន្តិសុខសាយប័រ ដើម្បីទប់ស្កាត់ពីការគំរាមកំហែងទាំងនៅក្នុងតំបន់ និងលើពិភពលោក។