(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យផលិតផលខ្មែរ កាន់តែខ្លាំងអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន លុះត្រាតែសហគ្រាសខ្មែរខ្លាំង មានសមត្ថភាពផលិតទំនិញដែលមានគុណភាព បរិមាណច្រើន និងតម្លៃសមរម្យ ដូច្នេះហើយសហគ្រាសខ្មែរ ត្រូវការការចូលរួមពីអ្នកមានធនធាន ដើម្បីក្លាយទៅជារោងចក្រធំ មានសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងសម្រាប់នាំចេញផង។
លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានលើកឡើងថា បច្ចុប្បន្ននេះ អ្នកផលិតនៅក្នុងវិស័យចំណីអាហារ បានដើរចេញពីការផលិតលក្ខណៈគ្រួសារ វិវឌ្ឍន៍ទៅជាសហគ្រាសធុនតូច និងមធ្យម និងធុនធំហើយ។ ប៉ុន្តែយ៉ាងនេះក្តី ពួកគេត្រូវការការជួយពីរដ្ឋាភិបាល និងអ្នកមានទុនធំ ដើម្បីជួយពង្រីកឱ្យកាន់តែធំ ទៅជាប្រភេទសាជីវកម្ម ព្រោះផលិតកម្មនៅពេលណា មានការផលិតកាន់តែធំ នោះថ្លៃដើមនឹងកាន់តែទាប នោះទើបធ្វើឱ្យផលិតផលខ្មែរអាចប្រកួតប្រជែងតម្លៃជាមួយគេបាន។
លោកបន្ថែមថា ផលិតផលខ្មែរ មានគុណភាពមិនចាញ់ផលិតផលគេនោះ ខណៈផលិតផលមួយចំនួនត្រូវបាននាំចេញ និងមានការទទួលស្គាល់ពីអន្តរជាតិ ប៉ុន្តែអ្វីដែលសំខាន់សហគ្រាសទាំងនោះនៅតូច ដូច្នេះត្រូវការការចូលរួមពីអ្នកឧកញ៉ា ឧកញ៉ា បណ្តាក់ទុនលើវិស័យនេះ។
ជាមួយគ្នានេះ រដ្ឋាភិបាលអាចជួយប្រមូលពួកគាត់ឱ្យផ្តុំគ្នាបង្កើតទៅជា រោងចក្រសាជីវកម្មធំ ១ ឬ២ ដែលអាចផ្គត់ផ្គង់នៅលើទីផ្សារ ប្រកបដោយស្តង់ដារ៕
សូមស្តាប់ការពន្យល់បន្ថែមរបស់លោក មៀវ សុខទ្រី៖