(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ (​58th AMM and Related Meetings) នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ការដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៨ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ដាតុ ស៊េរិ យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៉ី។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកក្កដា បានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំអាស៊ានក្រោមប្រធានបទ «បរិយាបន្ន និងចីរភាព»

ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងពិភាក្សាពីការកសាងសហគមន៍អាស៊ាន និងការពង្រឹងមជ្ឈភាពអាស៊ាននៅចំពោះមុខស្ថានការណ៍តំបន់ និងពិភពលោក កាន់តែមានភាពស្មុគស្មាញ។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គ្រោងនឹងមានជំនួបទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

សូមបញ្ជាក់ថា កិច្ចប្រជុំអាស៊ាននេះធ្វើឡើងស្របពេលតំបន់កំពុងប្រឈមបញ្ហាជាច្រើនដូចជា៖ ជម្លោះក្នុងសមុទ្រចិនខាងត្បូង, បញ្ហាមីយ៉ាន់ម៉ា និងពន្ធគយជាដើម៕