(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំថ្នាក់ខេត្ត រដ្ឋបាលស្រុកអូររាំងឪ និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្ត សំរោងបុរី ឃុំមង់រៀវ ស្រុកត្បូងឃ្មុំនិង វត្តអំពិលតាពក ក្នុងឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជួបសំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ និងបានថ្លែងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះថ្នាក់ដឹកនាំ ព្រះសង្ឃ លោកយាយ លោកតា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ផងដែរ៕