(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ការនាំចូលត្រីពីប្រទេសជិតខាង នឹងត្រូវកំណត់កូតាតាមតម្រូវការទីផ្សារក្នុងស្រុកជាក់ស្ដែង ដោយឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ចាប់ពីពេលនេះទៅ។

គួរជម្រាបថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈសន្និសីទស្ដីពីគោលជំហររបស់សមាគមវារីវប្បករនៅកម្ពុជា, លោក ឡែមផូ សូថារឹទ្ធ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជាបានលើកឡើងតាមរយៈសន្និសីទសារព័ត៌មាន ស្តីពីគោលជំហររបស់សមាគមវារីវប្បករនៅកម្ពុជាលើការងារវារីវប្បកម្មចំពោះមុខ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះថា វារីវប្បករកម្ពុជា គាំទ្រអនុសាសន៍របស់សម្តេធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញផលិតផលក្នុងប្រទេស និងចូលរួមគាំទ្រផលិតផលក្នុងប្រទេស។

លោកបន្តថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា ត្រីធម្មជាតិមិនអាចផ្គត់ផ្គង់តម្រូវការទូទាំងប្រទេសរបស់បងប្អូនប្រជាពលរដ្ឋបានទេ ដូច្នេះវិស័យវារីវប្បកម្មបានដើរតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ចំណីអាហារនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នការផ្គត់ផ្គង់ត្រីនៅក្នុងស្រុកមានពីរ ទីមួយបងប្អូនប្រជាពលរដ្ឋចិញ្ចឹមក្នុងស្រុក និងទីពីរការនាំចូលពីប្រទេសជិតខាងដែលជាប្រភេទត្រីចិញ្ចឹមនេះ។

ជាមួយគ្នានេះ លោក ជេត ភិរម្យ នាយកកម្មវិធី សមាគមវារីវប្បករនៅកម្ពុជា បានស្នើសុំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធមេត្តាត្រួតពិនិត្យរាល់ការនាំចូលត្រី ឬកូនត្រីពីប្រទេសជិតខាង ត្រូវអនុលោមតាមនិតិវិធីពន្ធដារ និងបង់ពន្ធឲ្យបានត្រឹមត្រូវគ្រប់ចំនួនដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពនៅលើទីផ្សារ និងត្រូវតែមានកូតានាំចូលត្រីឱ្យច្បាស់លាស់ ចៀសវាងនាំចូលច្រើនលើសលប់ក្នុងគោលបំណងទុច្ចរិត ទម្លាក់តម្លៃផលវារីវប្បកម្មក្នុងប្រទេស ផ្តួលវារីវប្បករក្នុងប្រទេស។

លោក លក លឿន និងលោក ឆាយ ឈាង អ្នកចិញ្ចឹមត្រី និងជាសមាជិក សមាគមវារីវប្បករនៅកម្ពុជា និងលោក រី វុទ្ធី អ្នកចិញ្ចឹមកង្កែប និងក៏សមាគមវារីវប្បករនៅកម្ពុជា បានប្រកាសគាំទ្រ លទ្ធផលកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ រវាងវិស័យឯកជនក្រុម «ក» នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលទ្ធផលកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋបាលជលផលនូវរាល់ចំណាត់ការការរឹតបណ្ដឹងការនាំចូលត្រីពីប្រទេសជិតខាង។

យ៉ាងណាមិញ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ក្រសួងបានដឹងរួចហើយពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងការនាំចូលត្រីនៅក្នុងទីផ្សារនៅក្នុងស្រុក ខណៈរឿងនេះត្រូវបានលើកយកមកជជែកយ៉ាងច្រើននៅក្នុងក្រុមការងារ «ក» នៃវេទិការដ្ឋាភិបាល និងវិស័យឯកជន។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តថា ទាក់ទិនការផ្គត់ផ្គង់ត្រីសាច់នេះ ជាជំហររបស់ក្រសួងកសិកម្ម គឺការពារ និងគាំទ្រការធ្វើវារីវប្បកម្មក្នុងស្រុកតែប៉ុណ្ណោះ។

លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាប់ពីពេលនេះទៅ យើងនឹងពង្រឹងការនាំចូលត្រីដែលវារីវប្បករនៅក្នុងស្រុកអាចផលិតបានដោយខ្លួនឯង ហើយការនាំចូលទៀតសោត យើងអនុញ្ញាតឲ្យនាំចូលបានទាល់តែមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ គឺឱ្យនាំចូលតែក្នុងបរិមាណណាមួយដែលយើងខ្វះខាតពិតប្រាកដទេ។ យើងលើកទឹកចិត្តឱ្យអ្នកដែលនាំចូលហើយផ្គត់ផ្គង់ត្រីនៅក្នុងស្រុកនោះ ធ្វើយ៉ាងណាព្យាយាមអស់លទ្ធភាពក្នុងការប្រមែរប្រមូលពីវារីវប្បកររបស់យើងនៅក្នុងស្រុកមុននឹងធ្វើការសុំធ្វើការនាំចូលបន្ថែម»

បើតាមប្រសាសន៍របស់សម្តេចបវរធីបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីគោលដៅរបស់កម្ពុជា គឺបង្កើតផលិតកម្មក្នុងស្រុក ផ្តល់ការគាំទ្រដល់វារីវប្បករដែលធ្វើផលិតកម្ម, បញ្ហានេះ ក្រសួងតែងតែតាមដានជាប្រចាំអំពីការផ្គត់ផ្គង់ត្រីសាច់ បច្នុប្បន្នការផ្គត់ផ្គង់ត្រីលើទីផ្សារ មានប្រភេទត្រីខ្លះបានឆ្លើយតបលើទីផ្សារ ចំណែកប្រភេទត្រីក៏មានការខ្វះខាត ក្រសួងក៏បានលើកទឹកចិត្តឱ្យមានការនាំចូលផងដែរ ប៉ុន្តែចំពោះប្រភេទត្រីដែលកម្ពុជាកំពុងមាន សូមឱ្យអ្នកនាំចូល ជួយទិញត្រីក្នុងស្រុកឱ្យអស់លទ្ធភាព មុននិងធ្វើការនាំចូល៕