(បន្ទាយមានជ័យ)៖ ស្ថិតក្នុងស្មារតីស្នេហាជាតិ សមរភូមិក្រោយគាំទ្រសមរភូមិមុខ, លោក សេរី កុសល តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារថ្នាក់ជាតិចុះជួយស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះសាកសួរសុខទុក្ខកម្លាំងវរការពារព្រំដែន លេខ៨០៧ នៅព្រំដែនកម្ពុជា-ថៃ នៃភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

កម្លាំងដែលចូលរួមរួមមានវរការពារព្រំដែន៨០៧, មេបញ្ជាការវរការពារព្រំដែនផ្សេងៗទៀត, កម្លាំងទំនាក់ទំនងព្រំដែន, កម្លាំងអធិការដ្ឋានស្រុកថ្មពួក, កម្លាំងប្រជាការពារឃុំគោករមៀត និងឃុំបន្ទាយឆ្មា រួមទាំងរដ្ឋបាលភូមិ ឃុំ ដែលនៅជាប់ព្រំដែនភូមិសាស្ត្រកម្ពុជា-ថៃ ស្រុកថ្មពួកសរុបប្រមាណ ៤០០នាក់។

ក្នុងនោះលោក សេរី កុសល បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រធានរដ្ឋសភា, សម្តេចតេជោ ប្រធាទព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ចំពោះកងកម្លាំងទាំងអស់។

ក្រៅពីជម្រាបជូនអំពីការវិវត្តន៍ថ្មីៗ នៃស្ថានភាពព្រំដែន លោក សេរី កុសល បានណែនាំដល់កងកម្លាំង ដែលកំពុងឈរជើងការពារព្រំដែន ពីការឈ្លានពានរបស់បរទេស ឱ្យស្តាប់ និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាក់ទងអ្វីដែលជាបញ្ហាពិតប្រាកដនៅចំពោះមុខ និងការចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា ពីសំណាក់ភាគីថៃ។

លោក សេរី កុលស បានណែនាំដល់កងកម្លាំងអំពីបទពិសោធន៍នៃសង្គ្រាម និងភូមិសាស្ត្រជាក់ស្តែងនូវតំបន់ថ្មពួក ដែលពីអតីតកាលជាតំបន់ដែលត្រីភាគីធ្វើសកម្មភាព ហើយលោក និងសហការី ធ្លាប់មានបទពិសោធន៍សង្គ្រាមនោះទីនេះ។

លោកសង្កត់ធ្ងន់ថា «ក្នុងនាមជាម្ចាស់ប្រទេស យើងទាំងអស់គ្នាមានភារកិច្ចការពារប្រទេសជាតិ ពីការឈ្លានពានរបស់ខ្មាំងសត្រូវ»។

លោកក៏បានចែករំលែកបទពិសោធន៍នៃពីរបៀបប្រយុទ្ធ ការប្រើប្រាស់លេណដ្ឋាន និងការប្រាស្រ័យទាក់ទងគ្នា ក្នុងការប្រយុទ្ធជាមួយសត្រូវ។
លោកក៏បានណែនាំឱ្យកម្លាំងប្រជាការពារត្រូវធ្វើជាភ្នែក ជាចម្រុះ សម្រាប់កងកម្លាំងគ្រប់ប្រភេទ បើមិនអ្វីប្លែក ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីអាចដោះស្រាយទាន់ពេលវេលា។

លោកក៏បានណែនាំដល់រដ្ឋបាលឃុំបន្ទាយឆ្មា និងឃុំគោករមៀត អ្វីដែលត្រូវគិតគូរចំពោះមុខ គឺការដោះស្រាយបញ្ហាស្បៀង បញ្ហាទីទូលសុវត្ថិភាព សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីកើតឡើងនូវការប្រយុទ្ធគ្នាយថាហេតុ រួមទាំងការជីកលេណដ្ឋាន សម្រាប់ការពារខ្លួនជាដើម។

លោកក៏បានណែនាំដល់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ដែលជាសមរភូមិក្រោយ ត្រូវតែគិតគូរគាំទ្រដល់សមរភូមិមុខ តាមរយៈការឧបត្ថម្ភស្បៀងអាហារ និងសម្ភារចាំបាច់នានា ដើម្បីបង្ហាញពីស្មារតីរួបរួមការពារជាតិរបស់យើង។

ក្នុងឱកាសនោះ លោកបានឧបត្ថម្ភថវិកាដល់រដ្ឋបាលឃុំទាំងពីរ គឺឃុំបន្ទាយឆ្មា និងឃុំគោករមៀត ក្នុងមួយឃុំៗទទួលបានថវិកា ៥០ម៉ឺនរៀល, កម្លាំងប្រជាការពារម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល កន្សែងបង់កម្នាក់១ និងវិទ្យុទាក់ទងក្នុងមួយឃុំ២គ្រឿង។

សម្រាប់កងកម្លាំងការពារព្រំដែន មានការផ្តល់ស្បៀងអាហាររួមមាន អង្ករ ៥តោន ល្ពៅ ១០តោន ពងមាន់ ៦ពាន់គ្រាប់ ទឹកសុទ្ធ ៥០កេស មី ៨០កេស ខ្ទឹមស ៨០គីឡូក្រាម ស្ករស ៨០គីឡូក្រាម អំបិល ៨០គីឡូក្រាម ប៊ីចេង ៨០គីឡូក្រាម និងផ្លែឈើមួយចំនួនទៀត។ ប្រគល់ថវិកាដល់វរសេនាតូចការពារព្រំដែននីមួយចំនួន ៤០ម៉ឺនរៀល និងផ្គត់ផ្គង់ការជីកលេណដ្ឋានរឹងមាំចំនួន ៥០០ដុល្លារដល់វរការពារព្រំដែន ៨០៧។ សរុបថវិកាចំណាយទាំងអស់ ៤២លានរៀល។

ក្នុងពេលចប់កម្មវិធីខាងលើនេះ លោក សេរី កុសល បានបន្តចុះទៅកាន់មូលដ្ឋានឃុំប៉ោយចារ នៃស្រុកភ្នំស្រុក ដើម្បីផ្សព្វផ្សាយពិធីអបអរខួបលើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងសម្ពោធខ្លោងទ្វារគណបក្សឃុំប៉ោយចារ ដែលមានសមាជិក សមាជិកាបក្សចូលរួមប្រមាណ៥០០នាក់៕