(ក្រចេះ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ស្អែកនេះ នឹងអញ្ជើញជាអធិបតីដឹកនាំក្រុមការងារចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ ខេត្តក្រចេះ ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
សូមបញ្ជាក់ដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ស្ពាននេះ បានបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ មានប្រវែង ១,៧៦១ម៉ែត្រ, ស្ពាននេះមានទីតាំងត្រើយខាងកើតស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ ស្ថាបនាឡើងមានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។
ដោយឡែកផ្លូវតភ្ជាប់មានប្រវែងជិត ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ ៤ខ្សែប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ចំនួន ៤គន្លង(២ទៅ ២មក)គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លង (១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាលប្រវែង ៤ម៉ែត្រផងដែរ។
គម្រោងនេះបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ២៦កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
គម្រោងនេះអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ចំណាយថវិកាសរុបជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕