(ប៉េកាំង)៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នារាជធានីភ្នំពេញ សកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កម្ពុជា-ចិន បានរៀបចំកម្មវិធីពិព័រណ៍ «សៀវភៅចិន-អាស៊ាន រំលេចពីវប្បធម៌ខេត្តគ័ងស៊ី» ដោយមានសៀវភៅរាប់សិបក្បាល សម្រាប់ជូនដល់យុវជន ចូលរួមអាន និងស្វែងយល់ អំពីវប្បធម៌ ប្រពៃណីចិន ដែលជាផ្នែកមួយ នៃការចូលរួមលើកកម្ពស់ «ឆ្នាំផ្លាស់ប្តូរទេសចរណ៍» រវាងប្រទេសទាំងពីរ។
លោក ហាក់ ស៊ីដែត នាយកវិទ្យាស្ថានខុងជឺ ភាគីកម្ពុជា និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានប្រាប់ឲ្យដឹងថា កម្មវិធីនេះទទួលបានការចូលរួមពី សិស្ស និស្សិត មកពីសកលវិទ្យាល័យ និង សាលាភាសារចិនជាច្រើន។ លោកបញ្ជាក់ថា កម្មវិធីនេះ គឺពិតជាសំខាន់ ក្នុងពេលដែលកម្ពុជានិងចិន បាននិងកំពុងចូលរួមជំរុញឆ្នាំផ្លាស់ប្តូរទេសចរណ៍ ដូច្នេះ ពិព័រណ៍នេះ ក៏ជាចូលរួមផ្សព្វផ្សាយអំពីវប្បធម៌គ្នាទៅវិញទៅមកដែលនឹងជំរុញវិស័យទេសចរណ៍ តាមរយៈការស្វែងយល់ពីគ្នាកាន់តែទូលំទូលាយ។
«ឆ្នាំនេះ កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលយើងផ្តោតលើទេសចរណ៍ ដូច្នេះខ្ញុំសូមអំពាវនាវដល់ប្អូនៗ ចូលរួមផ្សព្វផ្សាយនូវវប្បធម៌កម្ពុជាដើម្បីឲ្យជនជាតិចិន បានដឹងកាន់តែច្រើន ហើយក៏សូមអំពាវនាវរដ្ឋាភិបាលចិនជួយផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត ខាងផ្នែកទេសចរណ៍របស់កម្ពុជា ឲ្យបងប្អូនជនជាតិចិនយល់ដឹងពីកម្ពុជាកាន់តែច្រើន ហើយពួកគាត់ មកលេងតំបន់រមនីយដ្ឋាន កាន់តែច្រើន ដើម្បីឲ្យវប្បធម៌ និងទេសចរណ៍របស់យើងកាន់តែរីកចម្រើន ហើយប្អូនៗ ក៏មាន ឱកាស ក្នុងការចូលរួម ធ្វើជាអ្នកបកប្រែ ជាជំនួយការផ្សេងៗ លើការងារទាំងអស់ហ្នឹង»។
រីឯលោកស្រី Du Zenghui នាយកវិទ្យាស្ថានខុងជឺភាគីចិន នៃសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានប្រាប់ថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ របស់ប្រទេសចិន ជាពិសេស ខេត្តគ័ងស៊ី ហើយក៏មានសៀវភៅជាង១០០ក្បាល ដែលទាក់ទងនឹងទេសចរណ៍, វប្បធម៌ទូទៅ, ចំណេះដឹងផ្សេងៗ ដើម្បីឲ្យសិស្ស និស្សិតខ្មែរ ពង្រឹងអំណាន និងបានយល់ដឹងអំពីវប្បធម៌ចិនកាន់ល្អប្រសើរ។ ក្រៅពីនេះ ក៏មានសិល្បៈទាក់ទងនឹងការស្លៀកពាក់របស់ជនជាតិភាគតិច នៃគ័ងស៊ី ហើយយុវជនខ្មែរ អាចប្រៀបធៀបបានរវាងសម្លៀកបំពាក់ចិន និងសម្លៀកបំពាក់ប្រពៃណីខ្មែរមានលក្ខណៈខុសគ្នាបែបណាខ្លះ។
លោកស្រី ជឿជាក់ថាកម្មវិធីនេះនឹងចូលរួមរឹតចំណងមិត្តភាពកម្ពុជាចិន កាន់តែរឹងមាំមួយកម្រិតទៀត ជាពិសេស ស្របពេលដែលឆ្នាំ២០២៥ គឺជាឆ្នាំផ្លាស់ប្តូរទេសចរណ៍ ដែលនឹងជំរុញការស្វែងយល់ វប្បធម៌ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពីព្រោះថា ជនជាតិចិនក៏មាន ឱកាសស្វែងយល់ពីខ្មែរ ស្គាល់កាន់តែច្បាស់ ហើយមានបំណងចង់មកកម្សាន្តប្រទេសកម្ពុជា កាន់តែច្រើន។
ក្នុងឆុតសម្លៀកបំពាក់បែបប្រពៃណីរបស់ខេត្តគ័ងស៊ី យុវតី នីតា សិស្សវិទ្យាល័យ និងកំពុងរៀនភាសាចិនផងដែរនោះ បានប្រាប់ថានេះគឺជាលើកទី១ ដែលបានស្លៀកសម្លៀកបំពាក់បែបនេះ ហើយមានអារម្មណ៍ថា ប្លែកអារម្មណ៍ និងបានស្វែងយល់ពីវប្បធម៌ចិន។ កញ្ញា សង្ឃឹមថា នឹងមានពិព័រណ៍បែបនេះ បន្តទៀត ដើម្បីឲ្យប្រជាជនប្រទេសទាំងពីរយល់ពីគ្នា កាន់តែច្រើន ស្គាល់ពីវប្បធម៌គ្នាទៅវិញទៅមក។ រីឯ យុវតី ម៉ូរីសា ដែលបានចូលរួមកម្មវិធីនោះដែរ បានប្រាប់ថា សម្លៀកបំពាក់នៅខេត្តគ័ងស៊ី ងាយស្រួលស្លៀក ហើយស្រស់ស្អាតខ្លាំង។ យ៉ាងណាមិញ កញ្ញាក៏ចង់ឃើញ ពីការផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរ នៅប្រទេសចិនដូចគ្នា ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌។ ក្នុងនាមជាយុវជន កញ្ញានឹងធ្វើជាស្ពានចម្លងវប្បធម៌ប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែម ហើយក៏សូមជូនពរកម្ពុជាចិន រីកចម្រើន និងរុងរឿងជាមួយគ្នាបន្ថែមទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន