(កោះកុង)៖ ក្រុមការងារត្រួតពិនិត្យយានយន្តចល័តរបស់ក្រសួង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងស្ថានីយជញ្ជីងអចល័ត បឹងឃុនឆាង ខេត្តកោះកុង ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅ២ទីតាំង លើផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ។
នៅក្នុងប្រតិបត្តិការនេះ ទទួលបានលទ្ធផលដូចជា៖
ទី១៖ ចំណុច គ.ម លេខ៦៨ ស្រុកបុទុមសាគរ ត្រួតពិនិត្យយានយន្តចំនួន០៤គ្រឿង ផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ចំនួន ០២គ្រឿង ចន្លោះពី៤៥តោនដល់៤៦តោន លើសទម្ងន់អនុញ្ញាត ចន្លោះពី២០ដល់២១តោន
ទី២៖ ចំណុច គ.ម លេខ៣ ស្រុកស្រែអំបិល ត្រួតពិនិត្យយានយន្តចំនួន០៣គ្រឿង មានបិទឡូហ្គោ CR, P ក្នុងនោះផ្ទុកទម្ងន់សរុបលើសកម្រិតកំណត់ចំនួន០១គ្រឿង ចំនួន ៤៨តោន លើសទម្ងន់អនុញ្ញាត ២៣តោន។
សរុបលទ្ធផលក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ០៧គ្រឿង ផ្ទុកលើសទម្ងន់ចំនួន០៣គ្រឿង ចន្លោះពី២០តោនដល់២៣តោន ត្រូវបានពិន័យជាប្រាក់ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ តាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា២៦ និងមាត្រា៦០ និងសេចក្តីជូនដំណឹងលេខ០១០ សក.សជណ.គតលទ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ស្តីពីការដោះលែង និងរឹតបន្តឹងការអនុវត្តច្បាប់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕