(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ផ្អែកលើកត្តាសុខសន្តិភាពការអនុវត្តគោលនយោបាយនានា និងយុទ្ធសាស្ត្រដឹកនាំ របស់រាជរដ្ឋាភិបាល សម្រាប់ខេត្តកំពតមួយនេះ ទទួលបានការអភិវឌ្ឍន៍ទាំងពុទ្ធចក្រ និងអាណាចក្រ។ បច្ចុប្បន្នខេត្តកំពត បានបោះជំហានទៅមុខឥតឈប់ឈរ ហើយនិងព្យាយាមឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យ ជាតំបន់គោលដៅទេសចរណ៍លំហែកម្សាន្តយ៉ាងសម្បូរបែប សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ នាថ្ងៃអនាគត។

ការលើកឡើងដូច្នេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តពោធិ៍ព្រឹក្សាខារាម ហៅវត្តតូប ស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកឈើ ខេត្តកំពត នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដោយមានការអញ្ជើញចូលរួម ពីសំណាក់សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណទាំងពីរគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្ត ព្រះថេរានុត្ថេរ:គ្រប់ព្រះអង្គដែលពាក់ព័ន្ធ សមាជិករដ្ឋសភា ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ ច្រើនពាន់នាក់។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ម៉ៅ ធនិន បានបន្តថា រយៈកាលកន្លងមក ខេត្តកំពត ធ្លាប់បានទទួលស្នាដៃជាបន្តបន្ទាប់ លើផ្នែកសោភ័ណភាព បរិស្ថានអប់រំ និងទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ជាអាទិ៍៖ ជ័យលាភីអៀនរង្វាន់ទីក្រុងស្អាតផ្ការំដួលបីទង និងពានរង្វាន់ទីក្រុងស្អាតបរិស្ថានអាស៊ាន នៅទីក្រុងវៀនចាន់ ប្រទេសឡាវ និងភាពជោគជ័យជាម្ចាស់ផ្ទះ ក្នុងការសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាសុីហ្គេម លើវិញ្ញាសាការប្រណាំងទូកប្រពៃណីទូកផ្កាចារនិងទូកនាគ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពត ហើយក៏ត្រូវបានប្រកាស ជាខេត្តអស់មីន និងជាខេត្ត ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលផងដែរ។

លោកអភិបាលខេត្ត បានបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំពោរពេញដោយសមត្ថភាព ជាបញ្ញាវន្ត ដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងជាអ្នកបន្តវេន ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គមគ្គុទេសក៏ឯក ជាស្ថាបនិកនៃសន្តិភាព និងការបង្រួបបង្អុនជាតិខ្មែរ ពិសេសការចេញដំណើរដ៏ស្វាហាប់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយថាមពល និងសមត្ថភាព សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុត ក្នុងទំនាក់ទំនងសេដ្ឋកិច្ច ការទូត និងវិស័យផ្សេងៗទៀត ទាំងក្នុងតំបន់ និងអន្តរជាតិ តាមរយៈការប្ដេជ្ញាចិត្ត និងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយនានា សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប  និងឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបណ្ឌិត ម៉ៅ ធនិន បានថ្លែងថា សមិទ្ធផលជាច្រើន បានលេចឡើងគ្រប់ទីកន្លែង ទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងជនបទ មានជាអាទិ៍៖ សំណង់អគារផ្សេងៗ អគាររដ្ឋបាល មន្ទីរពេទ្យ សាលារៀន វត្តអារាម វិហារសាសនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន រោងចក្រ សហគ្រាសកំពង់ផែ ព្រែកជីក ព្រលានយន្តហោះ ។ល។

លោកបណ្ឌិត ម៉ៅ ធនិន បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាយើង បានសម្រេចដាក់ពាក្យប្ដឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលជាការសម្រេចរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយភាពប៉ិនប្រសព្វ ឈ្លាសវៃបំផុត ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនខ្មែរ៕