(ភ្នំពេញ)៖ លោក នួន សុភណ្ឌ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បើទោះបីជា ប្រតិបត្តិករទឹកស្អាតទាំង៤៩ មិនទាន់មានលទ្ធិភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឡើយក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះមិនត្រូវការប្រតិបត្តិករទឹកស្អាតបន្ថែមទៀតនោះទេ ប៉ុន្តែលោកចង់ឱ្យប្រតិបត្តិករទាំងនោះពង្រឹង និងជំរុញការផលិតទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងត្រួតពិនិត្យគុណភាពទឹក និងសេវារបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងបច្ចុប្បន្ននេះ។
តែយ៉ាងនេះក្តីលើកឡើងថា បញ្ហាប្រឈមក្នុងការផលិតទឹកស្អាតនៅក្នុងខេត្តកំពង់ស្ពឺ គឺប្រភពទឹកនៅមានការខ្វះខាត សម្រាប់ស្ថានីយ៍ផលិតទឹកស្អាតទាំងនោះ យកប្រព្រឹត្តកម្មទឹកស្អាតសម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
លោកបានគូសបញ្ជាក់បន្ថែមថា «សព្វថ្ងៃនេះនៅក្នុងខេត្តកំពង់ស្ពឺ យើងមានប្រតិបត្តិករដែលកំពុងផលិត និងផ្គត់ផ្គង់ទឹកស្អាតចំនួន ៤៩ស្ថានីយ៍ ហើយការផលិត និងផ្គត់ផ្គង់ទឹកស្អាតនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារខេត្តកំពង់ស្ពឺជាខេត្តមួយដែលប្រភពទឹកនៅមានការខ្វះខាត។ ក្រៅពីការប្រើប្រាស់ប្រភពទឹកស្ទឹងព្រែកត្នោត យើងប្រើប្រាស់ប្រភពទឹកស្ទឹង បឹង ប្រឡាយ ព្រែក និងទំនប់មួយចំនួន។ ហើយនៅក្នុងរដូវប្រាំងតាមបណ្តាស្ថានីយ៍ដែលនៅឆ្ងាយពីស្ទឹងព្រែកត្នោតក៏ជួបបញ្ហាប្រឈមដែរក្នុងការយកទឹកមកចម្រាញ់ជូនប្រជាពលរដ្ឋ។ តែយើងមិនត្រូវការប្រតិបត្តិករបន្ថែមទៀតទេ ប៉ុន្តែយើងត្រូវពង្រឹងពួកគាត់ ជំរុញពួកគាត់ឱ្យផលិតឱ្យបានគ្រប់គ្រាន់»។
ជាមួយគ្នានេះ លោកលើកឡើងថា ជាការល្អ ដែលក្នុងខេត្តកំពង់ស្ពឺ មានរោងចក្រផលិតទុយោ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក មិនចាំបាច់នាំចូលពីក្រៅប្រទេស។
ក្នុងឱកាសចុះទស្សនកិច្ចរោងចក្រទឹកស្អាតរបស់ក្រុមហ៊ុន បុរីកម្មករ ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំឱ្យប្រតិបត្តិករទឹកស្អាត បន្តកែលម្អប្រតិបត្តិការជាបន្តបន្ទាប់ និងពង្រីកសេវាឱ្យបាន១០០% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន ដោយផ្តល់សេវាសម្រាប់ទាំងតំបន់ប្រជុំជន និងតំបន់មិនសូវមានប្រជាជនរស់នៅ ព្រមទាំងពិចារណាតម្រូវការសម្រាប់ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត។
លោកលើកឡើងបន្តថា«ទឹកស្អាតជាសេវាសង្គមចាំបាច់ដែលមានផលប៉ះពាល់ផ្ទាល់ដល់សុខភាពសាធារណៈ។ សូមកុំស្កប់ស្កល់ជាមួយនឹងប្រតិបត្តិការបច្ចុប្បន្ន។ បច្ចេកវិទ្យាវិវត្តលឿនណាស់ ប្រតិបត្តិករនៅក្នុងប្រទេសមួយចំនួនប្រើ AI ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ គ្រប់គ្រងសម្ពាធទឹក និងចេញវិក្កយបត្រជាដើមហើយ។ ដូច្នេះ ក្រុមហ៊ុនក៏ត្រូវបន្តធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន និងស្វែងរកវិធីបង្កើនប្រសិទ្ធភាពបន្ថែមទៀត»។
លោកបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដើម្បីកែទម្រង់វិស័យទឹកស្អាត។ ក្រសួងបានបង្កើតក្រុមការងារត្រួតពិនិត្យបច្ចេកទេស ដើម្បីចុះវាយតម្លៃសមត្ថភាពប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេស ហើយថ្មីៗនេះ បានចេញសេចក្តីណែនាំឱ្យប្រតិបត្តិករផ្ញើរបាយការណ៍ប្រតិបត្តិការពេញលេញ និងផែនការវិនិយោគរយៈពេលមធ្យម មកក្រសួង ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឯកជនប្រកបដោយការទទួលខុសត្រូវ និងជំរុញវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.១។
លោក ផាវ ដារ័ត្ន ជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន តំណាងចំនួនក្រុមហ៊ុន៣ ដែលកំពុងផលិតនិងផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពង់ស្ពឺ លើកឡើងថា ជុំវិញការធ្វើអាជីវកម្មលើវិស័យទឹកស្អាតនេះ ក្រុមហ៊ុនបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៧ បច្ចុប្បន្នមានបណ្តាញ ចែកចាយទឹកស្អាតជាង ២០០ គីឡូម៉ែត្រ ក្នុងនោះសម្ព័ន្ធទាំង៣ ជំរុញតបណ្តាញបានចំនួនប្រមាណជាង៣ ម៉ឺនខ្នងផ្ទះ ដោយបានគ្របដណ្តប់ជិត១០០% ជាពិសេសការផ្តល់សេវាទឹកស្អាតទៅដល់រោងចក្រសហគ្រាសនានា ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើ អាជីវកម្ម។ ចំណែកទាក់ទងការអភិវឌ្ឍវិញ ក្រុមហ៊ុនកំពុងសិក្សានៅលើបច្ចេកវិទ្យាថ្មីៗបន្ថែម រួមទាំងការធ្វើទំនើបកម្មប្រព័ន្ធ ដោយប្រើបច្ចេកវិទ្យា SCADA និង GIS ដើម្បីបង្កើនប្រសិទ្ធិភាពប្រតិបត្តិការផងដែរ។
លោកបន្ថែមថា «ជាក់ស្តែងសមត្ថភាពក្នុងការផលិត និងផ្គត់ផ្គង់របស់យើងទៅតំបន់ជាប់ៗយើងដូចគ្នា ក្នុងលក្ខខណ្ឌមួយនេះ ត្រូវការឱ្យច្បាប់អនុញ្ញាតដោយសារតែតំបន់ជុំវិញក្រុងច្បារមនគឺមានអាជ្ញាបណ្ណគេផ្សេង អ៊ីចឹងអាស្រ័យលើអាជ្ញាធរមូលដ្ឋានក្នុងការសម្របសម្រួលការងារនេះ។ នៅក្នុងសម្ព័ន្ធយើងទាំង៣ ជាមធ្យមយើងមានលទ្ធភាពផ្គត់ផ្គង់ប្រហែលជា៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដល់ប្រហែល៣ម៉ឺនខ្នងផ្ទះ»៕