(Xizang)៖ ដេីម្បីបានយល់ដឹងអំពីរបៀបរបបរស់នៅរបស់ប្រជាជនភូមិភាគស្វយ័ត Xizang ប្រទេសចិន China Media Group បានរៀបចំឱ្យក្រុមអ្នកសារព័ត៌មានកម្ពុជា ចុះទៅកាន់ភូមិ Tunba ស្រុក Nimu ដេីម្បីទទួលពិសោធន៍អំពីរបៀបធ្វេីការងារ និងការដាំស្រូវ Qingke រួមទាំងបន្លែ ផ្លែឈេីផ្សេងទៀត។
ស្រូវ Qingke ត្រូវបានចាត់ទុកថាជាដំណាំដ៏សំខាន់សម្រាប់ប្រជាជននៅភូមិភាគស្វយ័ត Xizang និងបានក្លាយជាវត្ថុធាតុដេីមដ៏សំខាន់សម្រាប់ច្នៃជាគ្រឿងឧបភោគបរិភោគដ៏ទៃទៀត។ ក្រៅពីនេះក៏មានការចិញ្ចឹមសត្វគោរោមវែង សត្វមាន់ និងការដាំផ្លែ Strawberry Cherry ឪឡឹក ត្រសក់ផ្អែម ក៏ដូចជាដំឡូងបារាំងផងដែរ។ នៅតាមវាលស្រែគេសង្កេតឃេីញផ្កា Canola ដែលត្រូវបានដាំអមជាមួយស្រូវ Qingke រីកស្គុសស្គាយបញ្ចេញពណ៌លឿងស្រស់។
នៅភូមិ Tunba មានការធ្វេីសិប្បកម្មបន្តវេនមួយចំនួន ដូចជាការផលិតក្រដាសដោយដៃ ការធ្វេីធូបក្រអូប និងឆ្លាក់ជាដេីម។ សិប្បកម្មផលិតក្រដាសដោយដៃ និងធូបនៅភូមិ Tunba ត្រូវបានចាត់ទុកជាបេតិកភណ្ឌថ្នាក់ជាតិ រីឯការឆ្លាក់ត្រូវបានចាត់ទុកជាបេតិភណវប្បធម៌ថ្នាក់តំបន់។ ក្នុងពេលចុះទៅដល់ ក្រុមអ្នកសារព័ត៌មានកម្ពុជាត្រូវបានទទួលស្វាគមន៍ពីសំណាក់ អនុរដ្ឋមន្រ្តីក្រសួងឃោសនាការក្នុងស្រុក និងម្ចាស់សិប្បកម្មក្រដាស និងឆ្លាក់ ក៏ដូចជាសិប្បកម្មផលិតធូបពាក់កណ្តាលស្វ័យប្រវត្តិផងដែរ។
ម្ចាស់សិប្បកម្មផលិតក្រដាសដោយដៃ ៣ជំនាន់ នៅឯភូមិ Tunba នេះ បានប្រាប់ Fresh News ថាសិប្បកម្មរបស់គាត់ប្រេីប្រាស់រុក្ខជាតិដុះក្នុងតំបន់ មកធ្វេីជាក្រដាសសរសេរដែលអាចរក្សាទុកបានពាន់ឆ្នាំ មិនរលាយក្នុងទឹក និងអាចយកមកឆ្លាក់ ឬច្នៃជាវត្ថុអនុស្សាវរីយ៍បាន។ ថ្វីត្បិតតែច្នៃចេញពីសំបកឈេីក៏ពិតមែន តែក្រដាសផលិតដោយដៃនេះ គឺមានតម្លៃថ្លៃដោយសារប្រភេទខ្លះគឺសម្រាប់យកមកសរសេរជាគម្ពីធម៌ និងរក្សាទុកបានរាប់ជំនាន់។
ដោយឡែក សិប្បកម្មផលិតធូបក្រអូបពាក់កណ្តាលស្វ័យប្រវត្តិមួយ នៅភូមិ Tunba បានប្រាប់ក្រុមអ្នកសារព័ត៌មានកម្ពុជាឱ្យដឹងថា ជាប្រពៃណី អ្នករស់នៅ Xizang ចូលចិត្តប្រេីប្រាស់ធូបក្រអូបសម្រាប់ជំនួយដល់សុខភាព។ វត្ថុធាតុដេីមសម្រាប់ផលិតធូបក្រអូបមានជាង ៣០មុខ ដោយយកចេញពី ស្មៅ ដេីមស្រល់ ឬសឈេី មែកឈេីផ្សេងៗទៀត និងមានប្រយោជន៍សម្រាប់សុខភាព។ ពួកគេជឿថាការហិតក្លិនធូបក្រអូប អាចជួយឱ្យអារម្មណ៍ស្ងប់ ព្យាបាលសួត និងបេះដូង។ ល។ សិប្បកម្មផលិតធូបក្រអូបពាក់កណ្តាលស្វ័យប្រវត្តិនេះ ទទួលបានជំនួយពីទីក្រុងប៉េកាំង និងមានមនុស្សចំនួន ៦៦នាក់ ធ្វេីការងារដោយដៃ។ អ្នកធ្វេីធូបដាក់ធាតុផ្សំចូលទៅក្នុងស្នែងគោ និងច្របាច់ចេញជារូបរាង ហេីយខ្លះទៀតប្រេីម៉ាស៉ីន ដាប់ជារាងចង្កឹះ ឬជារាងដូចធូបមូស៕