(ព្រះវិហារ)៖ មិនបង្អង់យូរក្រោយទទួលបានដំណឹងភ្លាម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះជួបសំណេះសំណាលផ្ទាល់ និងជូនថវិកាមួយចំនួនទាំងយប់ ដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលដេញកងទ័ពថៃឈ្លានពាន ចេញពីទឹកដីកម្ពុជានៅចំណុចភ្នំខ្មោច កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
ការចុះជួបវីរកងទ័ពកម្ពុជានៅចំណុចភ្នំខ្មោចនេះ គឺបង្ហាញពី ទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជា។ ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងការណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ និងបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើងគាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននាំនូវសារផ្តាំផ្ញើសួរសុខទុក្ខរបស់អ្នកឧកញ៉ាប្រធាន ជូនដល់បងៗកងទ័ពផងដែរ។ លើសពីនេះ បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូ អង់អាចក្លាហានប្រកបដោយវីរៈភាពរបស់នាយ នាយរង និងពលទាហានទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារមាតុភូមិ ការពារ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ថ្មីៗនេះ បានទៅដល់តំបន់ភ្នំខ្មោច ដែលជាសមរភូមិកំពុងក្តៅជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើម្ហូបសម្លម្ជួរគ្រឿងសាច់គោ ត្រីផ្ទក់អាំងស្វាយខ្ចី និងស្បៀងជូនដល់បងៗកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ វីរកងទ័ពជួរមុខកម្ពុជា បានតស៊ូយ៉ាងអង់អាចក្លាហាន និងអត់ធ្មត់ខ្ពស់បំផុត ក្នុងការពារបូរណភាពទឹកដី ដោយបានដេញកងទ័ពថៃឈ្លានពាន ឲ្យត្រលប់ទៅវិញ នៅចំណុចភ្នំខ្មោច។ ប្រជាជនខ្មែរ បានកោតសរសើរ ចំពោះវីរភាពអង់អាចក្លាហាន និងអត់ធ្មត់ខ្ពស់បំផុត របស់កងកម្លាំងជួរមុខកម្ពុជា៕