(កំពង់ស្ពឺ)៖ លោម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា លោកនាយករដ្ឋបាលដែលទើបឡើងកាន់តំណែងថ្មីត្រូវសហការ សម្របសម្រួល និងទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន សំដៅសម្រេចឱ្យបាននូវកិច្ចការដែល ថ្នាក់ដឹកនាំខេត្តប្រគល់ជូន លើកកម្ពស់គុណភាពនៃការផ្តល់សេវាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ជាងនេះបន្តពង្រឹងពង្រីកចំណេះដឹង និងបណ្តុះបណ្តាលកសាងសមត្ថភាពស្រប តាមវឌ្ឍនភាពសង្គមដល់មន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត និងបែងចែកតួនាទីភារកិច្ចទៅតាមជំនាញ។

លោកបណ្ឌិត បានបន្តថា គាំទ្រសហការរួមគ្នា ដើម្បីឲ្យដំណើរការកិច្ចការងាររដ្ឋបាលខេត្តបានប្រព្រឹត្តិទៅដោយរលូន។ ដូចនេះ ដើម្បីជាសក្ខីភាពទៅនឹងការផ្តល់នូវទំនុកចិត្តរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តដែលផ្តល់ទំនុកចិត្ត ជាពិសេសពង្រឹងរបៀបរបបធ្វើការងារ គោរពបទបញ្ជាផ្ទៃក្នុង សាមគ្គីភាព និងការទទួលខុសត្រូវតាមឋានានុក្រម។

លោក គង់ ឈុនលី បានលើកឡើងថា ក្នុងនាមលោកជានាយករដ្ឋ បន្តដឹកនាំឲ្យមានប្រសិទ្ធភាព គ្រប់គ្រង ចាត់ចែង និងធានានិរន្តរភាពកិច្ចការរដ្ឋបាល ជូនថ្នាក់ដឹកនាំខេត្ត ពិនិត្យរាល់លិខិតបទដ្ឋានគតិយុត្តនានា មិនឲ្យកកស្ទះរបស់ប្រជាពលរដ្ឋ ពិសេសនិងអនុវត្តតាមដំបូន្មាន ព្រមទាំងការតម្រង់ទិស របស់ថ្នាក់ដឹកនាំខេត្តជានិច្ច។ ជាងនេះខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវ ៕