(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេលប្រមាណជា៧ខែ នៅពេលនេះក្រសួងបរិស្ថាន បានបញ្ចប់ការកសាងផែនការជាតិដំណាក់កាលទី៣ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយប្រកាសដាក់ឱ្យប្រើប្រាស់នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងបរិស្ថាន បង្ហាញឱ្យឃើញនូវកិច្ចប្រឹងប្រែង ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ ដែលជាក្តីកង្វល់របស់ពិភពលោក មិនមែនតែកម្ពុជានោះឡើយ។
សិក្ខាសាលាផ្តល់សុពលភាពផែនការរួមចំណែកជាតិឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.0) ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) និងលោក Jo Scheuer អ្នកសម្របសម្រួលនិវាសនជនអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN Resident Coordinator in Cambodia) រួមជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំមកពីស្ថាប័នជាតិ អន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជិត ១០០នាក់។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងការអបអរសាទរចំពោះការសម្រេចនូវការរៀបចំឯកសារផែនការជាតិដំណាក់កាលទី៣ (NDC 3.0) ដែលជាការបង្ហាញនូវឆន្ទៈដ៏មហិច្ឆិតារបស់កម្ពុជានៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រីបន្តថា សមិទ្ធផលនេះគឺជាមោទកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបន្តគោលជំហរនយោបាយដ៏រឹងមាំ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «គោលដៅសំខាន់ គឺជំរុញការអភិវឌ្ឍរបស់កម្ពុជាប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈការអនុវត្តវិធានការបន្ស៊ាំ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមវិស័យសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការបន្តពីស្នាដៃដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ»។
លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានគូសរំលេចពីតួនាទី និងការរួមចំណែកដ៏សំខាន់របស់សហគមន៍អន្តរជាតិ ក្នុងការគាំទ្រកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈមូលនិធិ និងធនធានផ្សេងៗ ដែលក្នុងនោះរួមមាន សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការយូនីសេហ្វ (UNICEF) និងអង្គការអុកស្វាម (OXFAM) ជាដើម។
សូមជម្រាបជូនថា NDC 3.0 គឺជាឯកសារយុទ្ធសាស្ត្រជាតិរបស់កម្ពុជា សម្រាប់កៀរគរថវិកា និងអនុវត្តសកម្មភាពដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសមត្ថភាពបន្ស៊ាំនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ឯកសារនេះគ្របដណ្តប់លើគ្រប់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ ហើយមិនមែនត្រឹមតែក្រសួងបរិស្ថាននោះទេ៕