(កែប)៖ រដ្ឋបាលខេត្តកែប បានលែងត្រីប្រមាណជាង៣ម៉ឺនក្បាល ចូលក្នុងអាងទឹកនៃទំនប់រនេស ស្ថិតនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីអបអរទិវាមច្ឆជាតិ ១កក្កដា ដែលបានរៀបចំពិធី ប្រព្រឹត្តធ្វើឡើងនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានលើកឡើងថា ប្រភេទត្រីដែលបានប្រលែងនាពេលនេះ គឺត្រីមេពូជចំនួន៣០គីឡូក្រាម រួមមាន៖ ត្រីឆ្ពិន ត្រីអណ្តែង ត្រីក្រាញ់ ជាដើម និងកូនត្រីចម្រុះប្រមាណ៣ម៉ឺនក្បាល។

លោកប្រធានមន្ទីរ បានបន្តថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៥ នេះ ប្រជានេសាទខេត្តកែប ប្រមូលផលនេសាទទឹកសាបស្រស់ ចំនួន៦៥តោន និងផលនេសាទសមុទ្រស្រស់ ចំនួន២,៧៧៧តោន។

នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងកោតសរសើរ ការខិតខំរបស់អភិបាលរងទទួលបន្ទុក ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំបានយ៉ាងល្អក្នុងការប្រារព្ធនូវពិធីនេះ។ លោកអភិបាលខេត្ត រំពឹងថា តាមរយៈត្រីមេពូជ និងកូនត្រី ដែលបានលែងនាពេលនេះ និងជួយទៅបន្ថែមបរិមាណត្រី ក្នុងអាងទឹកនេះ ដែលជាប្រយោជន៍សម្រាប់ប្រជាជននៅតំបន់នេះ។

លោកអភិបាលខេត្ត ជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្មឲ្យបានខ្លាំងក្លា ទាំងខ្នាតតូច មធ្យម និងធំតាមតំបន់ដែលមានសក្តានុពល ទាំងទឹកសាប ទឹកប្រៃ ដើម្បីផ្គត់ផ្គង់តម្រូវការអាហារ ពិសេសសាច់ត្រីជាអាហារសុវត្ថិភាព ក្នុងគោលបំណងកាត់បន្ថយសម្ពាធការចាប់ត្រីពីធម្មជាតិ និងធានាបាននិរន្តរភាពជីវចម្រុះសមស្រប។

ទន្ទឹមនេះ លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ពង្រឹងក្នុងការទប់ស្កាត់នូវបទល្មើសនេសាទគ្រប់ប្រភេទទាំងទឹកសាប និងទឹកប្រៃ៕