(ភ្នំពេញ)៖ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) បានសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដី នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។

«កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» គឺជាកម្មវិធីដែលផ្តួចផ្តើមបង្កើតឡើង និង ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោល បំណង (១) ដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ (២) ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន និង(៣) ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារព្រៃ និងអភិរក្សព្រៃឈើ ដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព។ កម្មវិធីនេះនឹងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដក្រោមទម្រង់សម្បទានដីសង្គម កិច្ច និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

ដោយមានការយកចិត្តទុកដាក់ ណែនាំ និងតម្រង់ទិសជាប្រចាំពីសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធា ផ.ក.អ. លេខាធិកាដ្ឋាននៃ ផ.ក.អ. សហការជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក) បានរៀបចំចាប់ឆ្នោតជុំទី១ សម្រាប់ អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង១៣:០០នាទីរសៀលតទៅ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

ការចាប់ឆ្នោតរយៈពេល៥ថ្ងៃនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. និងមានការចូលរួមពីអនុប្រធាន សមាជិកគណៈកម្មការចាប់ឆ្នោត អភិបាលរាជធានី ខេត្តទាំង២៥ តំណាងក្រុង ស្រុក ខណ្ឌ តំណាងឃុំ សង្កាត់ ទាំង២៥រាជធានី ខេត្ត ព្រមទាំងមានការនិមន្តចូលរួមចូលរួមជាសក្ខីភាព និងសង្កេតការណ៍ ដោយសម្តេចព្រះវនរ័តកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយនៃព្រះរាជាណាចក្រ ម្ពុជា អមដោយព្រះសង្ឃចំនួន១ព្រះអង្គ អង្គភាពប្រឆាំងអំពើរពុករលួយ និងអង្គការសង្គមស៊ីវិលចំនួន៥រួមមាន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) សហព័ន្ធនិស្សិតបញ្ញវ័ន្ត ប្រជាធិបតេយ្យ (កែវភ្នែកយុត្តិធម៌) អង្គការ ពន្លឺអភិវឌ្ឍជនក្រីក្រ អង្គការសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម តំណាងធនាគារពិភពលោក និងតំណាងមជ្ឈមណ្ឌល សម្រាប់ការវិភាគបញ្ហាអភិវឌ្ឍ និងអ្នកសារព័ត៌មាននានា។

ការចាប់ឆ្នោតនេះធ្វើឡើងតាមរាជធានី ខេត្ត នីមួយៗ ដោយក្នុង១ថ្ងៃមានចំនួន៥ខេត្ត ដែលលេខាធិការដ្ឋានបានជម្រាបជូនដល់សាធារណជនបានជ្រាបអំពីកាលបរិច្ឆេទនិងរាជធានី ខេត្តដែលត្រូវចាប់ក្នុងរយៈពេល៥ថ្ងៃនេះ ហើយអ្នកដែលត្រូវធ្វើការចាប់ឆ្នោតតីអភិបាល ឬអភិបាលរងដែលជាតំណាងរបស់អភិបាលរាជធានី ខេត្ត អភិបាលក្រុង ឬស្រុក ឬខណ្ឌតាមការជ្រើសរើសរបស់រាជធានី ខេត្ត និងមេឃុំ ឬចៅសង្កាត់តាមការជ្រើសរើសរបស់រាជធានី ខេត្ត។

ការចាប់ឆ្នោតជុំទី១នេះ ត្រូវចាប់យកអ្នកមានសំណាងចំនួន២,៥០០គ្រួសារ ក្នុងចំណោមអ្នកបានដាក់ពាក្យស្នើសុំដីសរុបទូទាំងប្រទេសចំនួន១២,៣២៩គ្រួសារ ហើយ ក្នុងចំណោមអ្នកចាប់ឆ្នោតបានចំនួន ២,៥០០គ្រួសារនេះ អ្នកមានសំណាងចំនួន ៥០០គ្រួសារ ដែលជ្រើសរើស តាមលំដាប់លេខរៀងដែលចាប់បានតាមរាជធានី ខេត្តនឹងត្រូវបានក្រុមការងារចុះត្រួតពិនិត្យលក្ខណៈសម្បត្តិ ដើម្បីអាចមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ នៅភូមិសាស្ត្រអូរកែវ ឃុំល្ពៅនិងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ដោយឡែកចំពោះប្រជាពលរដ្ឋចំនួន ២,០០០គ្រួសារទៀត តាមលំដាប់លេខរៀងបន្តបន្ទាប់តាម បណ្តារាជធានី ខេត្តនីមួយៗ នឹងត្រូវជ្រើសរើសសម្រាប់បំពេញបង្គ្រប់នូវចំនួនកំណត់នៃរាជធានី ខេត្តរបស់ខ្លួន សម្រាប់គម្រោងទី១ ចំនួន៥០០គ្រួសារ (ក្នុងករណីគ្រួសារណាមួយត្រូវបានក្រុមការងារពិនិត្យឃើញថា មិនមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់) និងសម្រាប់គម្រោងបន្តបន្ទាប់ទៀតតាមលំដាប់លេខរៀងបន្តបន្ទាប់នៃការចាប់ឆ្នោតក្នុង រាជធានី ខេត្តសាមី៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖