(ភ្នំពេញ)៖ ថ្ងៃទី៥-៦ ខែកក្កដា ២៨ឆ្នាំមុននេះ, សង្គ្រាមមួយចំអិនកំពិស បានផ្ទុះឡើងនាកណ្តាលរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជាការផ្ទុះអាវុធមួយដោយសារតែកម្លាំងខ្មែរក្រហម ត្រូវបានអតីតកម្លាំងហ្វ៊ុនស៊ិនប៉ិច បានលួចនាំចូលស្ងាត់ៗមកក្នុងរាជធានី ដើម្បីប៉ុនប៉ងធ្វើឃាតលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
Fresh Exclusive មានសេចក្តីរាយការណ៍រៀបរាប់នូវប្រវត្តិថ្ងៃទី៥-៦ ខែកក្កដា កាលពី២៨ឆ្នាំមុននេះ៖
ខែកក្កដា ២៨ឆ្នាំមុននេះ ការប៉ុនប៉ងផ្តាច់ជីវិតមកលើសម្តេច ហ៊ុន សែន បានកើតឡើងនៅចំកណ្តាលរាជធានីភ្នំពេញ។ នោះគឺជាការរួចផុត ពីការប៉ុនប៉ងសម្លាប់ជាលើកទី៣ ក្នុងអំពើប៉ុនប៉ងធ្វើឃាតយ៉ាងហោច៧លើក ដាក់មកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ២៨ឆ្នាំមុននោះ ប្រសិនបើគ្មានការចាត់វិធានការណ៍សក្តិសិទ្ធិ រារាំងទាន់ពេលវេលាពីសម្តេចតេជោសែន នោះទេ កម្ពុជាក៏មិនមានសន្តិភាពដូចសព្វថ្ងៃនេះដែរ។
ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧, អតីតកម្លាំងហ្វ៊ុនស៊ិនប៉ិច បាននាំកម្លាំងខ្មែរក្រហម និងកម្លាំងទ័ពរបស់ខ្លួនពីជាយដែនប្រមាណ១ម៉ឺននាក់ ក្នុងគម្រោងបិទច្រកចេញចូលរាជធានី។ កម្លាំងដែលបានរៀបចំប្រទាក់ក្រឡាជាបណ្តាញ ដើម្បីប៉ុនប៉ងយកជីវិតសម្តេចតេជោ ហ៊ុន សែន មានកម្លាំងធំរបស់ខ្លួនស្ថិតក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ដែលជាមេទ័ពសំខាន់ម្នាក់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៃគណបក្សហ៊្វុនស៊ិនប៉ិច។
កម្លាំងទាហានប្រដាប់អាវុធខ្មែរក្រហមច្រើនរយនាក់ជ្រកក្រោមស្លាកអតីតទាហានតស៊ូ ហ្វ៊ុនស៊ិនប៉ិច ត្រូវបានគេដឹកតាមរថយន្តចូលស្ងាត់ៗមកដល់ក្នុងរាជធានី និងក្រុមទាំងនោះត្រូ បានដាក់ពង្រាយជាច្រើនរយនាក់ក្នុងរាជធានីភ្នំពេញ, ខ្លះដាក់នៅតាមកន្លែងការិយាល័យនានា របស់អតីតទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច…ខ្លះដាក់ពង្រាយនៅអតីតដំណាក់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងតាមកន្លែងអង្គភាពនានាដែលស្ថិតនៅការពារព្រះរាជដំណាក់នាពេលនោះ។
អតីតទាហានខ្មែរក្រហមម្នាក់ឈ្មោះ ភុនភាព ដែលត្រូវកម្លាំងហ្វ៊ុនស៊ិនប៉ិច បញ្ជូនមកពីទល់ដែន បាននិ យាយបើកកកាយរឿងនេះ ប្រាប់អ្នកកាសែតជាតិនិងអន្តរជាតិ នៅមុនការផ្ទុះអាវុធបង្ហូរឈាមកណ្តាលរាជធានីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ដោយសារតែពួកគេមានទំនាស់ផ្ទៃក្នុង៖
«កម្លាំងខ្ញុំជាកងពិសេសរបស់ប៉ុលពត។ ខ្ញុំមកនៅថ្ងៃទី១៥ ខែ៤ ឆ្នាំ១៩៩៧ មកនៅភ្នំពេញសំណង់១២ ផ្លូវ២៦០ ទេពផន។ ដូចច្នេះក្រោយមក ខ្ញុំមកនៅផ្ទះចាស់របស់ ញឹក ប៊ុនឆៃ គេហៅ៨៨ អគ្គសេនាធិការងទី១ ញឹក ប៊ុនឆៃ ដូចច្នេះទិដ្ឋភាព និងការផ្ទុះអាវុធមិនហួសពីចុងឆ្នាំ៩៧ ដែលគេឲ្យត្រៀម ត្រៀមឲ្យបាន១ម៉ឺនជាងនាក់ យកទៅដាក់កំពង់ចាម, ដាក់តាមច្រកនៅតំបន់នានា និងទីក្រុងភ្នំពេញ សំខាន់ ផ្ទះសំណាក់ដែលជួលឲ្យនៅ។
កម្លាំងខ្ញុំនៅសំណាក់កន្លែងសំណាក់ក្រុមព្រះ គឺ៤៥នាក់ ហើយនិងកន្លែងគណបក្ស១៨នាក់ នៅកន្លែងផ្ទះចាស់ ញឹក ប៊ុនឆៃ ២៤នាក់ កន្លែងបន្ទាយតាំងក្រសាំងប្រមាន៥០០នាក់ជាង។ ដូច្នេះកម្លាំងយើងបន្តបន្ទាប់នឹងដឹកអាវុធដោយខុសច្បាប់ពីរដ្ឋធម្មនុញ្ញចែង យកមកចូលទីតាំងបន្ទាយតាំងកសាង មានអាវុធទំនើបៗ ដេកា៨២ និងកាំភ្លើងអាំបារ៉ាស់ រាប់រយដើម និងដេកា៧៥ ព្រមទាំងកម្លាំងថែមទៀត…ដូច្នេះកម្លាំងរបស់ប៉ុលពតពិសេសៗ សម្រាប់ទិសដៅតែមួយ ខ្ញុំនិយាយប្រាប់អស់លោក ទិសដៅតែមួយគឺ ប៉ុលពត និងហ៊្វុនសិនប៉ិច តែមួយទេ, អញ្ចឹងសូមជម្រាបអស់លោក គឺថាកម្លាំងខ្ញុំ គេយកមកតាំងកសាង ការកៀបសង្គត់របស់គេ គេអត់ឲ្យចេញពីបន្ទាយ គេឲ្យត្រៀមតែពេលប្រយុទ្ធ ដូច្នេះត្រឹមបិទសិទ្ធិសេរីភាព។ ដូច្នេះបើមានការជិះជាន់ចលនាតស៊ូ ឬចលនាកក្រើកនៅក្នុងអង្គភាពរបស់ខ្ញុំ មិនអាចឲ្យគេគៀបសង្កត់បាន ពីព្រោះកម្លាំងខ្ញុំផ្តាច់ខ្លួន កម្លាំងខ្ញុំមិនអាចកៀបសង្កត់បាន កម្លាំងខ្ញុំមិនមែនជាកម្លាំងចូលគណបក្សណាទេ កម្លាំងខ្ញុំគឹកម្លាំងអព្យាក្រឹត»។
មុនការផ្ទុះអាវុធនៅកណ្តាលរាជធានីភ្នំពេញនោះ គឺនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៩៧, ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ បានធ្វើការរត់ពន្ធអាវុធជិត៣តោនពីក្រៅប្រទេស ចូលមកក្នុងប្រទេសកម្ពុជា ដោយការក្លែងបន្លំឯកសារនិយាយថា ជាឧបករណ៍វត្ថុបន្លាស់។ អាវុធទំនើបទាំងឡាយនោះ គឺរួមមានអាវុធទុកសម្រាប់បាញ់រថក្រោះផងនោះដែរ។
នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៧ កម្លាំងខ្មែរក្រហមដែលពង្រាយនៅព្រែកតាទែន ក្នុងខេត្តកណ្តាល បានផ្ទុះអាវុធ ដែលធ្វើអោយចរាចរណ៍កំណាត់ផ្លូវជាតិលេខ៥ នាពេលនោះបានផ្អាកមួយរយៈ។ ភាពតានតឹងនិងការត្រៀមលក្ខណៈប្រុងប្រយ័ត្នកាន់តែកើនកំសួលខ្លាំងចាប់ពីពេលនោះមក។
នៅមុនព្រឹត្តិការណ៍បង្ហូរឈាមកណ្តាលរាជធានី បានកើតឡើងនោះទៀត គឺនៅខែមិថុនា ឆ្នាំ១៩៩៧ លោក សេរី កុសល ដែលជាអតីតមេបញ្ជាការម្នាក់របស់កម្លាំងហ៊្វុនស៊ិនប៉ិច បានថ្លែងថា មេបញ្ជាការទ័ពហ៊្វុនស៊ិនប៉ិច លោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រយ៉ាងហោចចំនួន២ដង ក្នុងការជួបជាមួយមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន ដែលបានផ្តល់កម្លាំងទាហានខ្មែរក្រហមពីអន្លង់វែង ដើម្បីចួលរួមធ្វើកិច្ចសហប្រតិបត្តិការជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីផ្តាច់ជីវិតសម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៧ ក្រុមកម្លាំងខ្មែរក្រហម ប្រចាំនៅព្រះរាជដំណាក់ ក្រោមបញ្ជារបស់លោក ហូសុខ ដែលជាមេបញ្ជាការអង្គរក្សរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានចាប់ផ្តើមសាកល្បងប្រើកម្លាំងនៅរាជធានីភ្នំពេញ ដោយធ្វើការវាយប្រហារដាក់ទៅលើគេហដ្ឋាន លោកឧត្តមសេនីយ៍ ហុកឡងឌី ដែលកាលនោះលោកឧត្តមសេនីយ៍ គឺជាអគ្គស្នងការនគរបាលជាតិ។
មុនការវាយប្រហារនោះ សង្គ្រាមពាក្យសម្តីបង្ហាញការប៉ុនប៉ងវាយប្រហារយកជីវិតលោកឧត្តមសេនីយ៍ ហុក ឡងឌី បានកើតឡើង។ លោកឧត្តមសេនីយ៍ សេរី កុសល ដែលកាលនោះ ជាមនុស្សស្មោះត្រង់ និងមានភក្តីភាពជាមួយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានថ្លែងប្រើពាក្យគម្រាមចង់កម្ទេចផ្ទះលោកឧត្តមសេនីយ៍ ហុក ឡងឌី ដែលមានទីតាំងស្ថិតលើផ្លូវព្រះនរោត្តម និងដែលមិនស្ថិតឆ្ងាយពីព្រះរាជដំណាក់របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ឡើយ៖ «បើសិនព្រះអង្គមិនទុកព្រះទ័យរបៀបនោះ កុំថាឡើយក្រុម ហុក ឡងឌី នៅទីនេះ, ជីតា ហុក ឡងឌី ក៏ទ្រាំមិនបានដែរ ពីព្រោះយើងខ្ញុំមានអាវុធគ្រប់ធុន នឹងកំទេចផ្ទះលោកឲ្យទៅជាផេះក្នុងរយៈពេលមួយព្រព្រិចភ្នែក»។
ក្រោយបោះពាក្យសម្តីគម្រាមរកកម្ទេចនោះមក ការវាយប្រហារដាក់មកលើផ្ទះលោកឧត្តមសេនីយ៍ ហុក ឡងឌី នាពេលនោះក៏បានកើតឡើងមែន។ ប៉ុន្តែការវាយប្រហារប្រមាណ១៥នាទី ដាក់ទៅគេហស្ថានលោកឧត្តមសេនីយ៍ ហុក ឡងឌី ដែលស្ថិតនៅលើផ្លូវព្រះនរោត្តម និងមិនឆ្ងាយពីព្រះរាជដំណាក់នាពេលនោះ មិនបានធ្វើអោយប៉ះពាល់ដល់ជីវិតលោកឧត្តមសេនីយ៍ ហុក ឡងឌី និងក្រុមគ្រួសារឡើយ ។
លោកឧត្តមសេនីយ៍ ហុក ឡងឌី បានថ្លែងប្រាប់អ្នកកាសែតក្រោយហេតុការណ៍វាយប្រហារ៖ «ជាក់ស្តែងលោកបានថតវត្ថុតាង ឃើញហើយដែលមានបេសែសិបមួយដើម និងគ្រាប់មួយចំនួន នៅមុខផ្ទះខ្ញុំនេះដែលជាភស្តុតាងស្រាប់ ព្រោះពេលមកនេះ គឺបងប្អូនសួរថា អ្នកឯងមកធ្វើអ្វី? បើអ្នកឯងយាមនៅដំណាក់ក្រុមព្រះ ប៉ុន្តែម៉េចបែរជាមកទីនេះ? គ្រាន់តែសួរ (ពួកគេក៏ចាប់ផ្តើមមានការបាញ់រះគម្រាមមកលើកងកម្លាំងរបស់យើងខ្ញុំ ប៉ុន្តែពេលបាញ់ បានធ្វើឱ្យកងកម្លាំងរបស់យើងខ្ញុំ មិនអាចអត់ធ្មត់បានទៀតទេ ត្រូវតែបាញ់តបត។ អញ្ចឹងការបាញ់តបតយប់មិននេះ គឺមានការបាញ់ប៉ុន្មានជារយៈពេល១៥នាទី។ នេះជាបញ្ហាដែលបង្កឱ្យមានការផ្ទុះអាវុធនេះឡើង។
យើងខ្ញុំសុំសន្និដ្ឋានថា សកម្មភាពទាំងនេះធ្វើដោយចេតនារបស់សម្តេចក្រុមព្រះ និងដៃជើងរបស់សម្តេចក្រុមព្រះ ដែលមានបំណងមកលើយើងខ្ញុំ ជាមេប៉ូលីសជាតិ។ ខ្ញុំតែងតែក្តាប់អំពីព័ត៌មានចារកម្ម គោលបំណងរបស់ខាងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នេះគឺមានបំណងធ្វើយ៉ាងណាឱ្យកំទេចអតីតមន្រ្តីរបស់គណបក្សប្រជាជន៣នាក់ ធ្វើយ៉ាងម៉េចឱ្យគណបក្សប្រជាជនចុះថយ, ទី១គឺ សម្តេច ហ៊ុន សែន, ទី២ ឯកឧត្តម ស ខេង, ទី៣ គឺមុខសញ្ញាខ្ញុំ។
អញ្ចឹងសកម្មភាពធ្វើទាំង២យប់ ទាំងយប់ថ្ងៃទី១៦និងយប់ទី១៧ វាបង្ហាញឱ្យឃើញនូវទិដ្ឋភាពជាក់ស្តែង ភស្តុតាងជាក់ស្តែងដែលគេហ៊ានពង្រាយកងកម្លាំងរហូតពីដំណាក់ក្រុមព្រះ មកដល់ទីនេះ ប៉ុន្មានជា៤០០ម៉ែត្រទៅ៥០០ម៉ែត្រ គឺមានចេតនាមកធ្វើផ្ទាល់ ដោយគេយល់ថាខ្ញុំនៅផ្ទះនេះ គេអាចបាញ់គ្រាប់B40 តែ១គ្រាប់ ទៅ២គ្រាប់ចូល អាចធ្វើឱ្យខ្ញុំគ្រួសារខ្ញុំ កូនរបស់ខ្ញុំគ្រោះថ្នាក់ដល់អាយុជីវិត។ នេះគឺជាចេតនា ដែលគេចង់ធ្វើ បញ្ហានោះគឺចេតនាតែម្តង មិនមែនធ្វើដោយអចេតនានោះទេ»។
ក្រោយហេតុការណ៍នោះមក ព្រឹត្តិការណ៍បង្ហូរឈាមដ៏ធំកណ្តាលរាជធានីភ្នំពេញ ទីបំផុតបានផ្ទុះឡើង នៅថ្ងៃទី៥និង៦ ខែកក្កដា ឆ្នាំ១៩៩៧ ដែលពេលនោះគឺមានកម្លាំងខ្មែរក្រហមសហការជាមួយកម្លាំងរបស់លោកឧត្តមសេនីយ៍ ឡៃ វីរៈ អតីតមេបញ្ជាការហ្វ៊ុនស៊ិនប៉ិច សរុបប្រមាណ១,០០០នាក់ បានផ្ទុះឡើងនៅកណ្តាលរាជធានី ប៉ុន្តែកម្លាំងដែលផ្ទុះឡើងនោះ បែរជាស្ថិត ក្នុងរង្វង់ឡោមព័ទ្ធរបស់កម្លាំងទាហានរាជរដ្ឋាភិបាល ដែលស្មោះត្រង់ចំពោះសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ចំណែកកម្លាំងរបស់លោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ដែលស្ថិតនៅជាយក្រុង ក្នុងតំបន់ «តាំងកសាង» ក៏ត្រូវបានកម្លាំងទាហានរាជរដ្ឋាភិបាល បានរារាំងនៅពេលដែលពួកគេ ប៉ុនប៉ងចូលទៅក្នុងទីក្រុង ដើម្បីការចាប់ដៃគ្នាជាមួយកម្លាំងដែលរងការឡោមព័ទ្ធ នៅតាមទីកន្លែងស្នាក់ការរបស់គណបក្ស ហ៊្វុនស៊ិនប៉ិច ជាពិសេសនៅព្រះរាជដំណាក់របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នាកណ្តាលក្រុងភ្នំពេញ។
នៅមុនការផ្ទុះអាវុធ គឺនៅថ្ងៃទី៤ ខែកក្ដដា ឆ្នាំ១៩៩៧ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានយាងចាកចេញទៅក្រៅប្រទេស ខណៈសម្តេចតេជោ ក៏ត្រូវគេរាយការណ៍ថា លោកបានស្ថិតក្នុងវិស្សមកាលផងដែរ រវាងពីថ្ងៃទី១ដល់៦ ខែកក្កដា។ គ្រាប់កាំភ្លើងបានលាន់ឮខ្ទរខ្ទារ នាកណ្តាលរាជធានីភ្នំពេញ តាំងពីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៧។ គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលមានបង្កប់កម្លាំងខ្មែរក្រហម បានប្រើព្រះរាជដំណាក់ព្រះអង្គម្ចាស់ ធ្វើជាទីបញ្ជាការប្រយុទ្ធ ដែលនៅទីនោះ ក៏មានការដាក់កាំភ្លើងយន្ត កាំភ្លើងផ្លោង និងរថពាសដែកខ្លះផងនៅទីនោះ។
នៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៧ ខណៈដែលសភាពការណ៍កំពុងវឹកវរអាប់អួរជាខ្លាំងនោះ ស្រាប់តែមានការបំផ្លោងពាក្យចចាមអារ៉ាម ពីគណបក្សហ្វ៊ុនស៊ិនប៉ិច ថាសម្តេចតេជោ ត្រូវបានគេធ្វើឃាត ដែលពាក្យចចាមអារ៉ាមទាំងនោះ គឺជាការបំផ្លោងពាក្យសម្តីដើម្បីបំបាក់ស្មារតីប្រយុទ្ធ។ នាជំនាន់នោះទំនាក់ទំនងគ្នា មិនងាយស្រួលដូចបច្ចុប្បន្ននេះឡើយ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមវិទ្យុនិងទូរទស្សន៍ គឺជាប្រព័ន្ធដែលមានលក្ខណៈលឿន ដែលគេបានធ្វើនៅពេលនោះ។
សម្តេចតេជោសែន បានប្រញាប់បង្ហាញមុខតាមការផ្សាយរបស់ទូរទស្សន៍ជាតិ ដើម្បីបញ្ជាក់ថា សម្តេចមិនមានសត្រូវណាបានបៀតបៀនសម្តេច បាននោះទេ៖ «ខ្ញុំព្រះករុណា ខ្ញុំមានការចាំបាច់ ដើម្បីនឹងថ្លែងទៅកាន់សម្តេច ព្រះតេជគុណគ្រប់ព្រះអង្គ និងជនរួមជាតិសារជាថ្មីទៀត អំពីព្រឹត្តិការណ៍ថ្មីៗ ដែលបាន និងកំពុងវិវត្តន៍ ហើយនឹងការវិវត្តន៍នាប៉ុន្មានថ្ងៃខាងមុខនេះ។ ដំបូងខ្ញុំព្រះករុណាខ្ញុំ សូមជូនប្រគេន ចំពោះសម្តេចព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិថា ខ្ញុំព្រះករុណាខ្ញុំ មិនទាន់ស្លាប់ ដូចដែលលោក ហូរសុខ បានប្រាប់ទៅស្ថានទូតបរទេសមួយចំនួន និងទៅសារព័ត៌មានបរទេសមួយចំនួន ហើយក៏ដូចជាស្នាក់ការកណ្តាលគណបក្សនិយមរណឬទ្ធិ បានស្រែកប្រាប់ទៅប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធថា ហ៊ុន សែន បានស្លាប់ហើយ។ ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ កំពុងស្ថិតនៅទីនេះ ដើម្បី ដោះស្រាយបញ្ហា មិនទាន់ស្លាប់ហើយក៏មិនរត់ចោលស្រុកដូចដែលរណឬទ្ធិកំពុងតែ បានធ្វើដោយគ្មានការទទួលខុសត្រូវនោះទេ»។
ការវាយប្រហារគ្នានៅកណ្តាលរាជធានី តាមកន្លែងមួយចំនួន ដែលមានការដាក់ពង្រាយកម្លាំងខ្មែរក្រហមនិង កម្លាំងអតីតទាហានគណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើអោយប្រជាពលរដ្ឋភិតភ័យជាខ្លាំង និងពលរដ្ឋជាច្រើន បាននាំគ្នាវេចបង្វិចរត់ចាកចេញពីគេហស្ថានដែលនៅក្បែរ នឹងការចល័តទ័ព វាយប្រហារគ្នានោះ។ ការប៉ះទង្គិចគ្នាប្រមាណជាងមួយថ្ងៃនាកណ្តាលរាជធានីភ្នំពេញ បានធ្វើអោយកម្លាំងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលយកខ្មែរក្រហមមកជួយប្រយុទ្ធមិនអាចស៊ូតទល់បានឡើយ។ ពួកគេនាំគ្នាភៀសខ្លួនចេញពីបន្ទាយតាំងកសាង និងចេញពីកន្លែងដាក់ពង្រាយនានា ក្នុងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី៦ ខែកក្កដា។
កម្លាំងដែលធ្វើដំណើរតាមមកជាមួយនឹងលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ ពេលនោះមានចំនួន៥៨៣ នាក់ និងកម្លាំងទាំងនោះ ត្រូវកម្លាំងទាហានរដ្ឋាភិបាល បានស្ទាក់វាយបំបែក តាំងពីត្រឡោកបែក ភ្នំបាសិទ្ធិ ខាងលិចភ្នំឧដុង្គ និងនៅក្នុងការប៉ះទង្គិចគ្នាជាច្រើនដង បានធ្វើអោយមានការស្លាប់និងទាហានរដ្ឋាភិបាលបានចាប់ជាឈ្លើយសឹកជាច្រើននាក់។
លោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បានរត់រួចទៅដល់ព្រំដែនភាគខាងលិច ក្រោយការភៀសខ្លួនអស់ចំនួនប្រមាណ ២៥ថ្ងៃ។ នៅឯតាមខេត្តភាគពាយព្យ និងភាពខាងលិចនោះវិញ ក្រោយព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃ ទី៥និង៦ ខែកក្កដា ឆ្នាំ១៩៩៧ គ្រាដែលកម្លាំងលោកឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បានចាញ់ដៃ រត់ដកថយ និងភៀសចេញពីភ្នំពេញសម្តៅទៅព្រំដែនភាគខាងលិចនោះ នាយទាហានដទៃទៀតរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ក៏បាននាំគ្នារត់ចេញទៅកាន់តំបន់ព្រំដែនផងដែរ។ លោកឧត្តមសេនីយ៍ ខាន់ សាវឿន, លោកឧត្តមសេនីយ៍ ឡៃ វីរៈ បានរត់ភៀសខ្លួនមកអតីតតស៊ូនាកន្លែងចាស់ តាមព្រំដែន ដូចនៅតំបន់តាទុម និងអូរស្មាច់នោះជាដើម។ លោកឧត្តមសេនីយ៍ ខាន សាវឿន និងលោក ឃិន យាន និងលោក ឡុង សារិន បានទាក់ទងជា មួយនឹងកម្លាំងតាម៉ុក នៅអន្លង់វែង ដើម្បីជួយសហការហ្វ៊ុនស៊ិនប៉ិច បន្តប្រឆាំងនឹងកម្លាំងរាជរដ្ឋាភិបាល។ ខ្មែរក្រហមអន្លង់វែង បានបញ្ជូនទាហានចំនួនប្រមាណ២០០នាក់អោយទៅជួយប្រយុទ្ធ ហ្វ៊ុនស៊ិនប៉ិច នៅអូរស្មាច់។
កម្លាំងប្រមូលផ្តុំរបស់ហ្វ៊ុនស៊ិនប៉ិច និងសម្ព័ន្ធមិត្តខ្មែរក្រហម បានស្ថិតនៅតំបន់សំឡូត តំបន់អូរស្មាច់ និងតំបន់អន្លង់វែង ដើម្បីរកវិធីវាយបកដាក់មកលើកម្លាំងរាជរដ្ឋាភិបាល ដែលស្មោះត្រង់ នឹងសម្តេចតេជោ ហ៊ុន សែន វិញ។ ប៉ុន្តែភាពវិវត្តន៍ស្ថានការណ៍នយោបាយក្នុងស្រុក បានតម្រូវអោយមានការចរចាគ្នាសាឡើងវិញ។ ភាពវិវត្តន៍នយោបាយ នាពេលនោះ គឺដោយសារតែភាគី ដែលមានជម្លោះទាំងអស់ ព្រមទទួលយកគម្រោងរបស់ប្រទេសជប៉ុន ដែលស្នើសុំអោយបញ្ឈប់ការបាញ់គ្នា និងបញ្ជូនកងទ័ពអោយចូលក្នុងក្របខណ្ឌដូចដើមវិញ។
នាពេលនោះដែរ ក្រុមអ្នកនយោបាយដែលភៀសខ្លួនចេញក្រៅប្រទេស បានបង្កើតចង្កោមអ្នកនយោបាយមួយដោយដាក់ឈ្មោះថា សហភាពអ្នកប្រជាធិបតេយ្យខ្មែរ ដែលពេលនោះមានទីតាំងនៅក្រុងបាងកក ប្រទេសថៃ។ សហភាពអ្នកប្រជាធិបតេយ្យ ដែលចងជាចង្កោមប្រមូលផ្តុំសុទ្ធតែអ្នកនយោបាយប្រឆាំងពេលនោះ រួមមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៃភាគីហ្វ៊ុនស៊ិនប៉ិច… លោក ប៊ូ ហ៊ែល គណបក្សខ្មែរអព្យាក្រិត្យ…សមរង្ស៊ី នៃគណបក្សជាតិខ្មែរ និងលោក សឺន សាន នៃគណបក្សប្រជាធិបតេយ្យ សេរីនិយមព្រះពុទ្ធសាសនា។ សហភាពប្រជាធិបតេយ្យ បានកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៧។ ក្រោយមកភាគីនយោបាយទាំងអស់ ក៏បានយល់ព្រមចូលរួមក្នុងការបោះឆ្នោតសាកល នាខែកក្កដា ឆ្នាំ១៩៩៨ ដោយមានការធានាពីសហគមន៍អន្តរជាតិ។
ប៉ុន្តែលទ្ធផលបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨ ខណៈដែលសំឡេងគណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈ៦៤កៅអី លើគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលទទួលបាន៤៣កៅអី និងគណបក្ស សម រង្ស៊ី ដែលទទួលបាន១៥ កៅអី ស្រាប់តែក្រុមធ្វើនយោបាយប្រឆាំង បានបង្កើតការតវ៉ាអុកឡុក ដែលជាចរិតមួយនៃវិធីផ្តួលរំលំតាមបែបបដិវត្តន៍ពណ៌។ ព្រឹត្តិការណ៍ពាក់ព័ន្ធទាំងនោះហើយ បានឈានដល់ការប៉ុនប៉ងរៀបចំគម្រោងការណ៍ថ្មីដទៃ ដើម្បីចង់ប្រល័យជីវិតសម្តេចតេជោ ហ៊ុន សែន។
ប្រវត្តិសាស្ត្របានសរសេរថា ក្នុងចន្លោះពេលពីខែកក្កដា ឆ្នាំ១៩៩៧ ដល់ខែកញ្ញា ឆ្នាំ១៩៩៨ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេតាមប៉ុនប៉ងសម្លាប់ដល់ចំនួន៣ដង។ ក្រោយរួចផុតពីការតាមសម្លាប់នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧, មានករណីចោលគ្រាប់បែក២គ្រាប់ ចូលទៅក្នុងបរិវេណផ្ទះរបស់សម្តេច នៅក្បែរវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៨ និងគម្រោងធ្វើឃាតថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅក្នុងខេត្តសៀមរាប ដោយមានការបាញ់គ្រាប់B40 ដាក់បង្កៃ៤គ្រាប់ ប៉ុន្តែផ្ទុះតែមួយគ្រាប់ ដោយសារមានអម្ពូតហេតុមេឃធ្លាក់ភ្លៀងមិនឈប់ឈរ តាំងពីយប់ទល់ភ្លឺតាំងពីល្ងាចនិងយប់ថ្ងៃទី២៣ ខែកញ្ញា ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨នោះ។
ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេច ហ៊ុន សែន នៅចុងឆ្នាំ១៩៩៨ កម្លាំងខ្មែរក្រហមនៅអន្លង់វែងដែលជាសំបុកចុងក្រោយរបស់ក្រុមតស៊ូឧទ្ទាមទ័ពព្រៃ បានបញ្ឈប់ការបះបោរនិងយល់ព្រមទម្លាក់អាវុធសុំចុះចាញ់។ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨, អតីតមេដឹកនាំខ្មែរក្រហមទាំងអស់នៅអន្លង់វែងរួមមាន នួន ជា, ខៀវ សំផន, អៀង សារី បានធ្វើដំណើរពីអន្លង់វែង ជួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែន និងពួកគេបានសារភាពចុះចាញ់និងសុំចូលរួមជាមួយនឹងរាជរដ្ឋាភិបាល។ សន្តិភាពពិតប្រាកដ ដែលគ្មានជម្លោះអាវុធនៅផ្ទៃក្នុងប្រទេស និងការឯកភាពទឹកដីជាតិទាំងស្រុង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល៥០០ឆ្នាំ បានចាប់ផ្តើមតាំងពីពេលនោះមក៕