(ភ្នំពេញ)៖ មេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន ចំនួន៤រូប ចេញមុខការពារក្ដីជូនយាយតា៣នាក់ ជាគ្រួសារអតីតយុទ្ធជនពិការដៃម្ខាងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលសាលាដំបូងខេត្តកំពង់ឆ្នាំង ផ្តល់យុត្តិធម៌ជូន ក្នុងរឿងគេរំលោភដីធ្លីហើយ ប្តឹងចាប់ដាក់ឃុំទៀត ត្រូវភាគីចាញ់ក្តីប្ដឹងទៅសាលាឧទ្ធរណ៍។ ពួកគាត់បានចូលបំភ្លឺនៅសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ។

ក្នុងពេលឆ្លើយបំភ្លឺនៅសាលាឧទ្ធរណ៍ភ្នំពេញ យាយតា៣នាក់ ជាគ្រួសារអតីតយុទ្ធជនពិការដៃម្ខាងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានអារម្មណ៍កក់ក្ដៅ និងឆ្លើយតាមដំណើររឿងដែលបានកើតឡើងកន្លងមក ក្នុងសំណុំរឿងក្ដីខាងលើ។ មន្ត្រីសាលាឧទ្ធរណ៍ ក៏បានយកចិត្តទុកដាក់ធ្វើការសាកសួរទៅតាមវិជ្ជាជីវៈប្រកបទៅដោយពាក្យសម្ដីសុភាពរាបសារ ទន់ភ្លន់ មិនមានការសន្លុតគំរាមដូចពាក្យចចាមអារាមដែលគេបានប្រាប់ពួក គាត់កន្លងមកដែលធ្វើឲ្យពួកគាត់មានការភ័យខ្លាចនោះឡើយ។

កាលពីម្សិលមិញ លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្ដល់រថយន្តមួយគ្រឿង ដឹកក្រុមគ្រួសារលោកតាលោកយាយទាំង៣នាក់ និងកូនរបស់ពួកគាត់ដែលត្រូវទៅជាមួយ ដើម្បីជូនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់ សាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញផងដែរ។ ក្នុងនោះ លោកអភិបាលខេត្ត ក៏បានចាត់ឲ្យលោកអភិបាលរងស្រុក១រូប លោកមេឃុំ១ សមត្ថកិច្ច១រូប ជាអ្នកបើករថយន្ត និងមេធាវីរបស់សាលាខេត្ត១រូប រួមដំណើរជាមួយថែមទាំងបានចំណាយនូវការហូបចុកផ្សេងៗ តាមផ្លូវជូនគ្រួសារពួកគាត់។

តាយាយទាំង៣នាក់ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត និងបានលើកដៃបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទទួលបានជោគជ័យនូវគ្រប់ភារកិច្ច។ ទន្ទឹមនិងនេះ ពួកគាត់ក៏មិនអាចបំភ្លេចបាននូវទង្វើប្រកបទៅដោយព្រហ្មវិហារធម៌របស់ថ្នាក់ដឹកនាំខាងលើនេះបានឡើយ។

ពួកគាត់ក៏សូមថ្លែងអំណរគុណលោកមេធាវី ទាំងមេធាវីរបស់សាលាខេត្តកំពង់ឆ្នាំង និងលោកមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ ដែលលោកតាមជួយការពារក្តីជូនគ្រួសារពួកគាត់ ដល់សាលាឧទ្ធរណ៍ ជាពិសេសពួកគាត់ សូមថ្លែងអំណរគុណដល់ស្ថាប័នតុលាការ សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានផ្ដល់យុត្តិធម៌ជូនគ្រួសាររបស់ពួកគាត់កន្លងមក។

សូមរំលឹកថា លោកតា លោកយាយទាំង៣នាក់ ជាគ្រួសារអតីតយុទ្ធជនខាងលើនេះ កន្លងមកត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង ផ្ដន្ទាទោសពួកគាត់ទាំង៣នាក់ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តាមអំណាចសាលក្រមលេខ០៤(ខ) ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ពីបទធ្វើឲ្យខូចខាតដោយចេតនា (មានស្ថានទម្ងន់ទោស) ពីបទព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។ ពួកគាត់ទាំង៣នាក់ថា បានចូលកាប់ដើមដូងងាប់១ដើម ដើមគងាប់១ដើម ព្រមទាំងបានរុះរបងរបស់ដីរបស់គេ លុះក្រោយមកនៅពេលដែលប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ចូលមកគ្រប់គ្រងថ្មី លោកក៏បានសើរើសំណុំរឿងនេះឡើងវិញ និងបានផ្ដល់យុត្តិធម៌ជូនក្រុមគ្រួសារពួកគាត់ផងដែរ។

ករណីនេះផងដែរ កន្លងមកពួកគាត់បានព្យាយាមបញ្ជាក់ប្រាប់តុលាការថា ដីនោះ គឺជាដីកេរ្តិ៍របស់ពួកគាត់ដែលឪពុកម្ដាយ ចែកឲ្យតែបុគ្គលម្នាក់នោះ រំលោភយកហើយប្ដឹងពួកគាត់ទាំង៣នាក់ ឲ្យតុលាការចាប់ពួកគាត់ដាក់គុក។ រីឯកាចោទប្រកាន់ខាងលើនេះ ពួកគាត់ក៏បានឆ្លើយប្រាប់តុលាការថា ពួកគាត់មិនបានប្រព្រឹត្តដូចការកោរប្រកាន់នោះឡើយ អ្នកដែលកាត់ដើមឈើងាប់ទាំង២ដើមនោះ ពួកគាត់ក៏តែងតែព្យាយាមឆ្លើយប្រាប់ឈ្មោះ និងទីលំនៅរបស់បុគ្គលម្នាក់នោះ ទៅកាន់តុលាការជាញឹកញាប់ផងដែរ ប៉ុន្តែតុលាការលោកពុំ បានកោះហៅបុគ្គលនោះទៅសួរនាំម្ដងណាឡើយ។ បច្ចុប្បន្នដីមួយកន្លែងដែលមានទំនាស់នោះ ត្រូវបានតុលាការចេញដីការក្សាការពារជាបណ្ដោះអាសន្នផងដែរ៕