(សៀមរាប)៖ លោក ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ ផលិតផលភូមិមួយផលិតផលមួយ ដែលបានទទួលស្គាល់រួច បានកើនឡើងដល់ចំនួន ៩៦១ផលិតផល ដែលមកពីមូលដ្ឋានផលិតចំនួន៨៤៤ នៃភូមិចំនួន៦៤៧ភូមិ នៃទូទាំងរាជធានី ខេត្ត។ តួលេខផលិតផលនេះ រំពឹងថានឹងកើនឡើងដល់ចំនួន០១ពាន់ផលិតផល នៅក្នុងឆ្នាំ២០២៦ ខាងមុននេះ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក ផល សុជាតិ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផលិតផលភូមិមួយផលិតផលមួយ ផលិតផលជលផលរបស់គម្រោង CAPFish និងចុះបញ្ជីផលិតផល ភូមិមួយផលិតផលមួយ ខេត្តសៀមរាប ឆ្នាំ២០២៥ នៅផ្សារទំនើបហេរីថេកវ៉ក ក្រុងសៀមរាប រយៈពេល០៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៤ ០៦ខែកក្កដា ឆ្នាំ២០២៥នេះ​ ដោយមានការចូលរួមពីលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី ជាថ្នាក់ដឹកនាំក្រុង ស្រុក មន្ទីរ អង្គភាព និងអាជីវករជាច្រើនចូលរួមផងដែរ។

លោកបន្តថា តាមរយៈការចុះធ្វើការជាមួយបងប្អូនផលិតករកន្លងមក ក្រុមការងារចលនាភូមិមួយផលិតផលមួយគ្រប់លំដាប់ថ្នាក់ បានធ្វើការកត់សម្គាល់នូវស្ថានភាពរួមមួយ ដែលបានបង្ហាញថា ផលិតករភូមិមួយផលិតផលមួយ របស់យើង ភាគច្រើននូវមានលក្ខណៈជាគ្រួសារ ហើយការផលិតរបស់គាត់ គឺនៅមានភាពទន់ខ្សោយនៅឡើយ ដែលការណ៍នេះ គឺទាមទារឲ្យនិយាមការទាំងអស់ ត្រូវជំរុញនូវការបណ្តុះបណ្តាល ការគាំទ្របច្ចេកទេសនៃការផលិត ក៏ដូចជាជំរុញការលើកកម្ពស់ និងការស្វែងរកទីផ្សារផងដែរ។

លោកបានបន្តថា ផលិតផលភូមិមួយផលិតផលមួយ ប្រមាណជា៧០ភាគរយ ដែលទទួលបានទទួលស្គាល់រួច ជាផលិតផលមកពីផលិតកម្មជាលក្ខណៈគ្រួសារ ហើយគុណភាពនៅមានកម្រិត បរិមាណផលិតក៏នៅតិចតួច និងការយល់ដឹងពីបញ្ហាអនាម័យ ព្រមទាំងបច្ចេកទេស គឺនៅមានភាពទន់ខ្សោយនៅឡើយ ដូច្នេះទាមទារឲ្យក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវរួមគ្នាលើកកម្ពស់សម្ថភាពកែច្នៃ របស់ផលិតករឲ្យកាន់តែប្រសើរឡើង។

លោក ផល សុជាតិ បញ្ជាក់ថា យើងចង់ពង្រីកវិសាលភាពសហប្រតិបត្តិការរបស់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ជាមួយនឹងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅធ្វើការគៀងគរធនធានទាំងឡាយ ទាំងបច្ចេកទេស ឬក៏ហិរញ្ញវត្ថុ ដើម្បីជួយគាំទ្រដល់ផលិតផលទាំងអស់ ជាពិសេស ផលិតផលភូមិមួយផលិតផលមួយតែម្តង។

ក្នុងនោះដែរ ត្រូវធ្វើការបណ្តុះបណ្តាល និងរៀបចំព្រឹត្តិការណ៍ ដូចដែលយើងកំពុងធ្វើនៅពេលនេះ ដើម្បីធ្វើយ៉ាងណាឲ្យផលិតផលប្រទេសយើង មានសម្បូរបែប និងមានតម្លៃខ្ពស់ ជាពិសេសមានសម្ថភាពប្រកួតប្រជែងជាមួយបរទេស បានទាំងសោភ័ណភាព គុណភាព និងតម្លៃផងដែរ។

ជាមួយនេះដែរ លោក យុន លីនណេ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នសំខាន់ៗដទៃទៀត នៃរាជរដ្ឋាភិបាល ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយចង្អុលបង្ហាញ ណែនាំ និងសម្របសម្រួលជាប្រចាំ លើការដាក់ចេញ និងការអនុវត្តគោលនយោបាយជាតិសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាព សេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យក្នុងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕