(សៀមរាប)៖ កាលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីភាព លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីលោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ជានាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និង អភិបាល ក្រុង ស្រុក ផងដែរ។

សម្រាប់របៀបវារៈប្រជុំ មានចំនួន៣ ដោយពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប ពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើបញ្ជីសំណួរ-សំណូមពរ ទទួលបានតាមរយៈក្រុមការងារក្រុមប្រឹក្សា និងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។

បន្ទាប់ពីអនុម័តលេីរបៀបវារៈចំនួនបីរួចមក​ អង្គប្រជុំក៏បានលេីកអំពីបញ្ហាសំរាម​ និងបញ្ហារបាយការណ៍ដេីម្បីយកមកកែសម្រួល។ លោក លី សាលី ក៏បានទទួលអំពីការស្នេីរបស់ប្រធានក្រុមប្រឹក្សា​ ក៏ដូចជាអង្គប្រជុំ ដេីម្បីយកកែសម្រួល​ និងអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ហើយលោកបានជម្រាបដល់អង្គប្រជុំផងដែរ​ អំពីកាសម្របសម្រួលបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ​ ដោយដឹកជញ្ជូនពីតាមច្រកព្រំដែនរហូតដល់គេហដ្ឋាន។ ម្យ៉ាងទៀត​ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ក៏បានធ្វេីការសម្ភាសសួរដល់ពួកបងប្អូនអំពីការងារដែលបានអនុវត្តកន្លងនៅប្រទេសថៃ​ ដេីម្បីផ្តល់ការងារនៅក្នុងស្រុក​ ហេីយបងប្អូនមានភាពសប្បាយចិត្តអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត​ដែលបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលដល់បង​ប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ។ ទន្ទឹមនឹងនេះ​ លោក​ ប្រធានក្រុមប្រឹក្សាក៏បានជំរុញដល់រដ្ឋបាលក្រុង ស្រុក ឱ្យអនុវត្តការងារដែលនៅសេសសល់​ ព្រមទាំងបន្តដោះស្រាយរាល់បញ្ហាសំណួរ សំណូមពរដែលមាននៅមូលដ្ឋាន។ ម្យ៉ាងទៀត​ សូមអរគុណលោក​ អភិបាលស្រុកសូទ្រនិគមដែលបានដោះស្រាយ​ ក៏ដូចជាការកសាងមត្តេយ្យសហគមន៍បានច្រេីនតាមរយៈជំនួយរបស់អង្គការសម្រេចសុបិនកុមារ​កម្ពុជា ហេីយក៏សូមថ្លែងអំណរគុណផងដែរចំពោះអង្គការដែលបានជួយការសាងសង់អគារសិក្សាដល់ក្មួយៗនៅមូលដ្ឋាន៕