(កំពត)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេសដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានថ្លែងបញ្ជាក់ថា ការអនុវត្តការងារចុះពិនិត្យទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយគម្រោងព្រែកជីកហ្វូណនតេជោ នឹងរួចរាល់ទាំងស្រុងនាខែកក្កដា ឆ្នាំ២០២៥នេះ ខណៈមកដល់ពេលនេះខេត្តកណ្តាល និងខេត្តតាកែវ បានធ្វើរួចរាល់ហើយ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសដែលលោកដឹកនាំក្រុមការងារ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេស, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម, អភិបាលខេត្តកំពត និងខេត្តកែប, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារសម្តេចមហាបវរធិបតី បានចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូប ព្រមទាំងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ការបោះបង្គោលនិយាមទាំងអស់ដែលត្រូវបោះមាន ១ ៩២០បង្គោល សព្វថ្ងៃនេះយើងបានបោះ ១ ០៨១បង្គោលហើយ ដោយបែកចែកជា ៤ខេត្ត មានខេត្តកណ្តាល ៣៨៧បង្គោល តាកែវ ៥៥២បង្គោល បានបោះរួចរាល់ហើយ ក្នុងនោះក៏មានខេត្តកំពត ៨០១បង្គោល បោះបាន ១៤២បង្កោល និងខេត្តកែប មាន ១៨០បង្គោល មិនបានបោះបង្គោលនោះទេ សរុបមកយើងបានបង្គោលនិយាមការបាន ៥៦% លើបង្គោលត្រូវបោះ»

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ទោះប្បីជាការបោះបង្គោលនិយាមការនេះ មានការលំបាកបន្តិចក៏ដោយតែក្រុមការងាររាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខិតខំបោះបង្គោលនិយាមការព្រែកជីកហ្វូណតេជោ ឱ្យបានរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ និងបន្តបញ្ជូនព័ត៌មានបន្តទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយសំណងជូនប្រជាពលរដ្ឋ មិនឱ្យបាត់សូម្បីដើមឈើមួយដើមនោះទេ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរច្បាស់លាស់ណាស់ លើការសិក្សា និងផលប៉ះពាល់ និងបរិស្ថានគ្រប់បែបយ៉ាងទាំងអស់មុននឹងធ្វើការសាងសង់ព្រែកជីកកហ្វូណនតេជោនេះ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។

គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក៕