(ព្រះវិហារ)៖ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ថ្មីៗនេះបានទៅដល់តំបន់ភ្នំខ្មោច ដែលជាសមរភូមិកំពុងក្តៅជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើម្ហូបសម្លម្ជួរគ្រឿងសាច់គោ ត្រីផ្ទក់អាំងស្វាយខ្ចី និងស្បៀងជូនដល់បងៗកងទ័ពជួរមុខ ដែលកំពុង​ឈរជើង​ការពារ​យ៉ាងរឹងមាំ​នៅ​សមរភូមិ​មុខ​ ដើម្បី​បុព្វហេតុ​ការពារ​អធិបតេយ្យជាតិ បូរណភាព​ដែនដី និង​សុខសន្តិភាព ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ។

ការចុះដល់សមរភូមិផ្ទាល់របស់ក្រុមការងារ ធ្វើឡើងតាមអនុសាសន៍ណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ និងបង្ហាញនូវការគោរពស្រឡាញ់ដល់ទឹកចិត្ត និងវីរភាពរបស់បងៗកងកម្លាំងការពារជាតិរបស់យើង គាំទ្រកងទ័ពជួរមុខកម្ពុជាដ៏អង់អាច ក្នុងន័យបង្ហាញពីខឿនការពារជាតិ។

លោក ឈន់ ភារូ ដែលបានដឹកនាំក្រុមងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះដល់ទីតាំងផ្ទាល់តំបន់ភ្នំខ្មោច បានសំណេះសំណាល និងពាំនាំនូវសារផ្តាំផ្ញើសួរសុខទុក្ខរបស់អ្នកឧកញ៉ាប្រធាន ជូនដល់បងៗកងទ័ព។ ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការកោតសរសើខ្ពស់ចំពោះស្មារតីតស៊ូ អង់អាចក្លាហានប្រកបដោយវីរៈភាពរបស់នាយ-នាយរង និងពលទាហានទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារមាតុភូមិ ការពារ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕