(ភ្នំពេញ)៖ ដើម្បីត្រៀមលក្ខណៈឱ្យបានល្អ នៅគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តសៀមរាប និងមន្ត្រីជំនាញសំខាន់ៗរស់ក្រសួងព័ត៌មាន ជាលើកចុងក្រោយ ដើម្បីធ្វើការពិនិត្យលើកិច្ចការងារសំខាន់ៗមួយចំនួន ដែលត្រូវធ្វើមុន និងក្នុងពេលនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅខេត្តសៀមរាប។

កិចច្ចប្រជុំនាឱកាសនេះបានស្តាប់នូវរបាយការណ៍ស្តីពីការត្រៀមលក្ខណៈរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ សម្រាប់ដំណើរការនៃអង្គសន្និសីទ គឺក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក ដើម្បីរួមគ្នារៀបចំធ្វើយ៉ាងល្អ និងទទួលបានលទ្ធផលជោគជ័យ។

តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យអនុគណៈកម្មការជំនាញឡើងរាយការណ៍ពីកិច្ចការងាររបស់គណៈកម្មការខ្លួនទទួលបន្ទុករៀបចំសន្និសីទកំពូលនេះផងដែរ។ នេះជាលើកទី២ បន្ទាប់ពីការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ជាលើកដំបូងក្នុងការរៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី១៦ នៅក្នុងឆ្នាំ២០១៩ ដោយនៅពេលនោះមានអ្នកចូលរួមប្រមាណជាង ៦០០នាក់ មកពីបណ្តាប្រទេសចំនួន៤៣។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើសុំការគាំទ្របន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធលើការងារមួយចំនួនដើម្បីធ្វើយ៉ាងណាឱ្យដំណើរការនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីកម្ពុជា ឱ្យទទួលបានជោគជ័យ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នេះ គឺដើម្បីពង្រឹងទៅលើក្របខ័ណ្ឌនៃការទូតព័ត៌មាន, ចំពោះការទូតព័ត៌មាន គឺសំដៅទៅលើវិស័យព័ត៌មាន និងសោតទស្សន៍។ ចំពោះកិច្ចសហប្រតិបត្តិការនេះ ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺត្រូវចាំបាច់រុញតភ្ជាប់ក្នុងតំបន់ និងពិភពលោកតែម្តង ពីព្រោះបញ្ហាដែលជួបប្រទះរួម គឺព័ត៌មានក្លែងក្លាយ ហើយហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។

គួររម្លឹកដែរថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៩ បានប្រារព្ធធ្វើឡើងនៅដើមខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ លោក នេត្រ ភក្ត្រា ក៏អំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ៕