(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងបញ្ជាក់ថា កម្ពុជា-វៀតណាម កំណត់យកគោលការណ៍ទឹកជ្រៅ ដើម្បីកំណត់បែងចែកព្រំដែនដោយសន្តិវិធី និងស្របទៅតាមគោលការណ៍ច្បាប់អន្តរជាតិ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេចជួបសំណេះសំណាលជាមួយមន្ត្រីក្រុមការងារច្រកព្រំដែនអន្តរជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

នាឱកាសនោះ សម្ដេចតេជោបានមានប្រសាសន៍ថា បង្គោះព្រំដែនកម្ពុជា-វៀតណាម ជាសមិទ្ធផលដែលភាគីកម្ពុជា និងភាគីវៀតណាមស្រុះស្រួលគ្នា ហើយយកគោលការណ៍ទឹកជ្រៅ ដើម្បីបែងចែកព្រំដែន។

សម្ដេចប្រធានព្រឹទ្ធសភាបានថ្លែងបន្តថា៖ ​«នេះហើយជាគោលការណ៍អន្តរជាតិ ដែលដោះស្រាយបញ្ហាដោយសន្តិវិធី ហើយតាមច្បាប់អន្តរជាតិ។ ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានរៀបចំក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ដែលកាលពីមុនបារាំង គូសផែនទីម្ដងដើរតាមព្រែកយើង ម្ដងដើរតាមព្រែកវៀតណាម [...] ដោយសារមានការលំបាក ទើបភាគីទាំងពីរ យកគោលការណ៍ទឹកជ្រៅធ្វើជាខ្សែព្រំដែន អ៊ីចឹងទម្លាក់ខ្សែព្រំដែនទាំងអស់ តាំងពីមុម៣កម្ពុជា វៀតណាម ឡាវ រហូតមក»

សូមជម្រាបថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រមាណជា ១ ២៧០គីឡូម៉ែត្រ ដែលគិតត្រឹមឆ្នាំ២០២៤ ប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន ៨៤%ហើយ នៅសល់តែ១៦% ទៀតតែប៉ុណ្ណោះ៕