(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា នៅកម្ពុជា ជំងឺមិនឆ្លង គឺជាជំងឺនាំមុខគេនៃការស្លាប់ និងពិការភាព ហើយការស្លាប់មុនអាយុបណ្តាលមកពីជំងឺមិនឆ្លងមានអត្រា ២៣% ក្នុងចំណោមប្រជាជនអាយុពី៣០ ទៅ៧០ឆ្នាំ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងសន្និសីទវិទ្យាសាស្ត្រ ស្ដីពី «អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ» នាព្រឹកថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបណ្ឌិត្យសភាជាតិវេជ្ជសាស្ត្របារាំង។ ពិធីនេះក៏ការអញ្ជើញពីលោក Jaques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងទៀតថា ក្នុងជំងឺមិនឆ្លងក្នុងនោះក៏មានជំងឺទឹកនោមដែរ ដូច្នេះករណីថ្មីជំងឺទឹកនោមផ្អែមបានកើនឡើង ៥៩.១៨% រវាងឆ្នាំ២០២៣ និង២០២៤ (ពី ១៤៤,៦៦៨ករណី នៅឆ្នាំ២០២៣ ទៅចំនួន ២៣០,២៧៩ករណី នៅឆ្នាំ២០២៤) ដែលក្នុងនោះករណីជំងឺទឹកនោមផ្អែមប្រភេទ១ មានប្រមាណជា ៧.៥% នៃករណីជំងឺទឹកនោមផ្អែមសរុប។ ដោយឡែកករណីជំងឺមហារីកវិញ បានកើនឡើង៨៧.៤២% រវាងឆ្នាំ២០២៣ និង២០២៤ (ពី ១៦,៨១៧នាក់ ក្នុងឆ្នាំ២០២៣ ទៅ ៣១,៥១៨នាក់ក្នុងឆ្នាំ២០២៤)។

លោកបានគូរបញ្ជាក់ទៀតថា «ជំងឺមិនឆ្លងនេះ ធ្វើឱ្យភាពក្រីក្រ កាន់តែធ្ងន់ធ្ងរថែមទៀត និងគំរាមកំហែងដល់គោលដៅអភិវឌ្ឍដទៃទៀតរបស់កម្ពុជា។ ដើម្បីដោះស្រាយលើភាពប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផែនការសកម្មភាពពហុវិស័យជាតិ ស្ដីពីការការពារ និងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ២០១៨-២០២៧ និងកំពុងបញ្ចប់ផែនការសកម្មភាពពហុវិស័យ ស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ នៅប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»

គួររម្លឹកផងដែរថានៅឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើនថវិកា ប្រមាណ ២០លានដុល្លារ ទៅលើការចំណាយទិញឱសថ ជាពិសេសឱសថព្យាបាលជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម សម្រាប់មូលដ្ឋានសុខាភិបាល នៅទូទាំងប្រទេសកម្ពុជា។ ដើម្បីជួយសម្រួលដល់ការមកទទួលយកសេវាព្យាបាលជំងឺឡើងសម្ពាធឈាម និងទឹកនោមផ្អែម ក្រសួងសុខាភិបាល បានបញ្ចូលទៅក្នុងបញ្ជីឱសថសារវន្តសម្រាប់ប្រើប្រាស់ នៅគ្រប់មណ្ឌលសុខភាពនៅទូទាំងប្រទេស។

សម្រាប់ក្រសួងសុខាភិបាល បានខិតខំពង្រឹងការងារអប់រំ លើកកម្ពស់សុខភាព តាមរយៈសារអប់រំខ្លីៗ ការផ្សព្វផ្សាយអប់រំតាមផ្ទាំងប៉ាណូ ផ្ទាំងរូបភាព តាមទីតាំងសាធារណៈ និងទីតាំងសុខាភិបាល ការបញ្ជ្រាបសារអប់រំ តាមយន្តការផ្សេងៗយ៉ាងសំបូរបែប ដូចជាតាមប្រព័ន្ធសង្គមប្រព័ន្ធហ្វេសប៊ុក តេឡេក្រាម សារតាមសម្លេងទូរស័ព្ទ និងតាមទូរទស្សន៍ ជាដើម។ បន្ថែមពីនេះក្រសួងសុខាភិបាល ក៏បានខិតខំលើកកម្ពស់ការបង្ការ និងគ្រប់គ្រងហានិភ័យសុខភាពទាក់ទងនឹងបរិស្ថាន/គ្រោះមហន្តរាយ ការពង្រឹងប្រព័ន្ធតាមដានភាពស៊ាំនឹងឱសថប្រឆាំង មេរោគ ការពង្រឹងនិយ័តកម្មឱសថទាំងនៅ
មន្ទីរពេទ្យរដ្ឋ ឯកជន ឱសថស្ថាន ។ល។

ជាក់ស្ដែងនាថ្ងៃនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី គឺកាន់តែសង្ឃឹមថា សន្និសីទវិទ្យាសាស្ត្រនេះ នឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ រវាងប្រទេសកម្ពុជា និងប្រទេសបារាំង ព្រមទាំងមានកិច្ចពិភាក្សាដ៏ផុសផុល សម្រាប់ការរៀបចំបង្កើតនូវគំនិតស្រាវជ្រាវ នវានុវត្តន៍ សម្រាប់ការព្យាបាល ថែទាំអ្នកជំងឺកាន់តែប្រសើរ។

សូមជម្រាបថានៅក្នុងសន្និសីទខាងលើនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនបន្ថែមទៀត ដើម្បីជាធាតុផ្សំមួយដ៏សំខាន់ និងជំរុញដល់សិក្ខាកាមជាង១ពាន់ ដែលបានចូលរួមផ្ទាល់ និងតាមប្រព័ន្ធឌីជីថល ហើយសន្និសីទនេះដែរ គឺធ្វើឡើងក្នុងរយៈពេល២ថ្ងៃទី២-៣ ខែកក្កដា ឆ្នាំ២០២៥៕