(ប៉ៃលិន)៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ស្បៀងអាហារ ព្រមទាំងពិនិត្យមើលអណ្តូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រមកម្ពុជា ជូនដល់កងកំលាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រមកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះបីជាសម្តេច មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៏សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ច។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ប៉ុន្តែកងកម្លាំងប្រដាប់អាវុធរបស់យើងនៅទីនោះ គឺចាំស្តាប់បទបញ្ជា និងគោលការណ៍ពីមេបញ្ជាការពីប្រមុខរាជរដ្ឋាភិបាលហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមានករណីឈ្លានពានណាមួយលើបូរណភាពទឹកដីប្រទេសកម្ពុជាយើង។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀន មានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូនកូនក្មួយជំនាន់ក្រោយ៕